(វ៉ាស៊ីនតោន)៖ នាយកមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក លោកស្រី រ៉ូជែល វ៉លែនស្គី (Rochelle Walensky) បាននិយាយថា បណ្តាអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ហើយឆ្លងជំងឺ COVID-19 នោះពួកគេអាចចម្លងជំងឺនេះ ទៅដល់អ្នកដទៃទៀតបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។
លោកស្រី Rochelle Walensky បានធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈសហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ចេញវិធានការរឹតត្បិតមួយចំនួនឡើងវិញ ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta។
លោកស្រី Rochelle Walensky បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងរបស់យើងពិតដំណើរការយ៉ាងល្អ និងនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Delta តាមរយៈការកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់។ ប៉ុន្តែវ៉ាក់សាំងមិនអាចបង្ការពីការឆ្លង ឬចម្លងជំងឺទៅអ្នកដទៃបានទាំងស្រុងនោះទេ»។ លោកស្រីបានបន្ថែមទៀតថា ដោយសារតែបែបនេះហើយទើប CDC សម្រេចដាក់ចេញជាថ្មីនូវវិធានការសុខាភិបាលកាលពីសប្ដាហ៍មុន ដោយផ្ដល់អនុសាសន៍ឱ្យពាក់ម៉ាសឡើងវិញ នៅតាមទីកន្លែងបិទជិត សូម្បីតែអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានចេញផ្សាយការសិក្សាស្រាវជ្រាវថ្មីមួយដែលបង្ហាញថា វីរុសបំប្លែងថ្មី Delta អាចផលិតវីរុសក្នុងបរិមាណដូចគ្នា នៅក្នុងខ្លួនអ្នកចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់វ៉ាក់សាំង នៅក្នុងករណីពួកគេបានឆ្លងវីរុសដ៏កាចសាហាវមួយនេះ។ ប្រការនេះមានន័យថា អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូសដែលបានឆ្លង COVID-19 នៅតែអាចចម្លងជំងឺនេះដល់អ្នកដទៃបាន ដូចគ្នាទៅនឹងអ្នកមិនបានចាក់វ៉ាក់សាំងដែរ៕