(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២០,៩៤៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៦,៣០១,៧៤៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣១,៨៧៩នាក់ និងជាសះស្បើយឡើងសរុប ២៩.៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញ កំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺនេះដែរ។ សម្រាប់អត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺលើស ១០០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់មិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល ៦ខែមកនេះ ហើយអ្នកជំនាញក៏បានព្រមានទៀតថា នៅប៉ុន្មានសប្តាហ៍ទៀត សហរដ្ឋអាមេរិកនឹងមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃកើនដល់ខ្ទង់ ២០០,០០០នាក់៕
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៩២.៦១លាននាក់ (៥៨.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៥.៣៣លាននាក់ (៥០.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕