(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បានអះអាងថា វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួននៅតែមានប្រសិទ្ធភាព ៩៣ភាគរយ ក្នុងរយៈពេលពី ៤-៦ខែ បន្ទាប់ពីការចាក់ដូសទី ២ ដែលនេះបានបង្ហាញពីការថយចុះប្រសិទ្ធភាពជាក់ស្តែង ក្នុងកម្រិតដ៏តិចតួចបំផុត បើធៀបទៅនឹងប្រសិទ្ធភាព ៩៤ភាគរយ ដែលត្រូវបានរាយការណ៍នៅក្នុងការធ្វើតេស្ដលើមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។
តាមរយៈសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក ស្ទេហ្វាន បានសែល (Stéphane Bancel) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមជម្រាបថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់យើងនៅរក្សាឋេរត្រឹម ៩៣ភាគរយ ក្នុងរយៈពេលពី ៤-៦ខែ... ហើយនេះជាប្រសិទ្ធភាពដ៏អស្ចារ្យ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរាប់រយលាននាក់ ដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មកទល់នឹងពេលនេះ»។
គួរបញ្ជាក់ថា ទិន្នន័យខាងលើដែលផ្ដល់ដោយលោក Stéphane Bancel បានបង្ហាញពីស្ថិរភាពនៃប្រសិទ្ធភាពវ៉ាក់សាំង Moderna ធៀបទៅនឹងក្រុមហ៊ុនជាគូប្រជែងដូចជា Pfizer និង BioNTech ជាដើម ដែលកន្លងមកនេះធ្លាប់បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនបានថយចុះប្រសិទ្ធភាព ៦ភាគរយ រៀងរាល់រយៈពេលពីរខែ ហើយបានធ្លាក់ចុះមកនៅត្រឹម ៨៤ភាគរយក្នុងរយៈពេល ៦ខែ ក្រោយការចាក់ដូសទី ២។ វ៉ាក់សាំង Moderna និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech គឺជាប្រភេទវ៉ាក់សាំងផលិតតាមបច្ចេកវិទ្យា mRNA៕