(ម៉ានីល)៖ ភាពច្របូកច្របល់បានកើតមានឡើង នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាច្រើនកន្លែងទូទាំងរដ្ឋធានី ម៉ានីល (Manila) របស់ប្រទេសហ្វីលីពីន ខណៈមនុស្សរាប់ពាន់នាក់បានព្យាយាមប្រជ្រៀតគ្នា ទៅទទួលការចាក់វ៉ាក់សាំងដោយសង្ឃឹមថា នឹងទទួលបានការចាក់វ៉ាក់សាំង មុនពេលទីក្រុងមួយនេះ ចូលទៅក្នុងវិធានការបិទខ្ទប់សារជាថ្មីរយៈពេល ០២សប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។
ការរឹតត្បិតលើការធ្វើដំណើរ ត្រូវបានដាក់ចេញឡើងវិញរួចហើយនៅទូទាំងរដ្ឋធានី ម៉ានីល ជាទីក្រុងដែលមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតក្នុងចំណោមទីក្រុងចំនួន ១៦ និងមានប្រជាជនរស់នៅចំនួន ១៣លាននាក់ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍សប្ដាហ៍តទៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មី Delta។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូកេ (Harry Roque) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ខេត្ត ឡាហ្គូណា (Laguna) ដែលស្ថិតនៅក្បែរទីក្រុង ម៉ានីល រួមទាំងទីក្រុង អ៊ីឡយឡូ (Iloilo) និងទីក្រុង ខាកាយ៉ាន ដឺ អូរ៉ូ (Cagayan de Oro) ដែលស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសហ្វីលីពីន ក៏នឹងត្រូវដាក់ចូលទៅក្នុងវិធានការបិទខ្ទប់ផងដែរ។
រូបថតនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា មនុស្សរាប់ពាន់នាក់ បានព្យាយមប្រជ្រៀតគ្នា ដើម្បីបានឈរនៅជួរដំបូងគេ នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាច្រើនកន្លែងនៅទីក្រុង ម៉ានីល ដែលជំរុញឱ្យមានការអន្តរាគមន៍ពីកងកម្លាំងប៉ូលិស ដើម្បីអនុវត្តវិធានការរក្សាគម្លាតសង្គម។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៦២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៨,០០០នាក់ និងអ្នកជាសះស្បើយជាង ១.៥៣លាននាក់។ ដោយឡែក មានតែប្រជាជនប្រមាណ ១០.៣លាននាក់ ឬស្មើនឹង ៩.៣ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប ១១០លាននាក់របស់ប្រទេសហ្វីលីពីន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ខណៈរដ្ឋាភិបាលមានគោលបំណងផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបាន ៧០លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ៕