(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ក្នុងលក្ខខណ្ឌបន្ទាន់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៉ី លោក ណ័រ ហ៉ីហ្សាម អាប់ឌុលឡោះ (Noor Hisham Abdullah) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រសួង នឹងបន្តការវាយតម្លៃលើគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ដើម្បីធានាថាអត្ថប្រយោជន៍របស់វាមានអត្រាខ្ពស់ជាងហានិភ័យ។
គួរបញ្ជាក់ថា ម៉ាឡេស៉ី នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗជាង ២០,០០០ករណីជាលើកដំបូងគិតចាប់តាំងពី មានការឆ្លងរាតត្បាតជំងឺនេះនៅក្នុងប្រទេសមកម៉្លេះ គឺចំនួន ២០,៥៩៦ករណី ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ជាង ១.២លានករណី ហើយ៕