សម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកនៅអឺរ៉ុប មិនចង់ចូលរួមប្រឆាំងចិនខ្លាំងពេកឡើយ, នេះបើតាមការផ្សាយរបស់ NBC News
05-08-2021 16:37
(ឡុងដ៍)៖ សារព័ត៌មានអាមេរិក NBC News បានបញ្ជាក់នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានទាមទារឱ្យមាន ការឆ្លើយតបជាឯកច្ឆន្ទពីសំណាក់ សម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួន ដើម្បីយកជំហររួមប្រឆាំងនឹងប្រទេសចិន ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានព្យាយាម «ដើរលើផ្លូវដែលប្រសើរជាងនេះ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។
របាយការណ៍ខាងលើរបស់ NBC News បានគូសបញ្ជាក់ថា ប្រទេសទាំងនេះ បានរិះគន់ប្រទេសចិនលើបញ្ហាមួយចំនួន ខណៈដែលពួកគេបង្ហាញពីការចង់បន្តបណ្តុះឱកាសរក «ផលចំណេញក្នុងផ្នែកពាណិជ្ជកម្ម» របស់ខ្លួនដោយប្រើភាសាអព្យាក្រឹត។
របាយការណ៍ខាងលើបានគូសបញ្ជាក់បន្ថែមទៀត ដោយដកស្រង់សម្ដីរបស់ អតីតអ្នកការទូតចក្រភពអង់គ្លេស លោក ឆាល ផាតុន (Charles Parton) ថា «សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប បានមើលឃើញថា អាមេរិកកំពុងប្រឈមមុខគ្នាជាមួយចិន ហើយប្រទេសទាំងនោះមិនជឿជាក់ថា អឺរ៉ុបទាំងមូលអាចមានលទ្ធភាព ដើរតាមផ្លូវប្រកបដោយហានិភ័យខ្លាំងបែបនេះឡើយ»។
អឺរ៉ុបត្រូវបានគេមើលឃើញថា កំពុងពឹងផ្អែកលើប្រទេសចិនកាន់តែខ្លាំង សម្រាប់វិស័យផ្នែកពាណិជ្ជកម្ម ហើយក្នុងពេលជាមួយគ្នានេះ វាក៏កំពុងធ្វើឱ្យសហរដ្ឋអាមេរិក កាន់តែមានភាពមិនទុកចិត្តផងដែរ៕