(ស៉ីដនី)៖ រដ្ឋញូសោតវែលស៍ (New South Wales) នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗបន្ថែមទៀត ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កាន់តែបញ្ចេញឥទ្ធិពល ក្នុងរដ្ឋដែលមានប្រជាជនរស់នៅច្រើនបំផុត ប្រចាំប្រទេសអូស្ត្រាលីមួយនេះ ហើយនាំឱ្យរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់ នៅក្នុងតំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលអូស្រ្តាលី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន២៦២ករណី បន្ថែមទៀតត្រូវបានរកឃើញ ជាការកើនឡើងខ្ពស់ជាងកាលពីថ្ងៃទី០១ ខែសីហាកន្លងទៅនេះ ដែលមានត្រឹមតែ ២៤១នាក់ប៉ុណ្ណោះ។ ក្រៅពីការរកឃើញអ្នកឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ០៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងនោះរួមមាន៖ មនុស្ស ០៣នាក់បានស្លាប់ក្នុងអាយុខ្ទង់ ៦០ឆ្នាំ, ម្នាក់បានស្លាប់ក្នុងអាយុខ្ទង់ ៧០ឆ្នាំ និងម្នាក់ទៀតបានស្លាប់ក្នុងអាយុខ្ទង់ ៨០ឆ្នាំ។ ក្នុងចំណោមពួកគេ មាន ០៤នាក់ដែលមិនបានទទួលការចាក់វ៉ាក់សាំង ហើយម្នាក់ទៀតបានទទួលការចាក់វ៉ាក់សាំងដូសទី១រួចរាល់ហើយ។
ចំពោះមុខស្ថានការកាន់តែធ្ងន់ធ្ងរ អាជ្ញាធររដ្ឋ New South Wales បានសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់នៅក្នុងតំបន់ Hunter រហូតដល់ ថ្ងៃទី១៣ ខែសីហា។ តំបន់ Hunter ស្ថិតនៅភាគខាងជើងនៃទីក្រុងស៊ីដនី ដែលបានស្ថិតក្រោមវិធានការបិទខ្ទប់ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនាមកម៉្លេះ។
គួរបញ្ជាក់ថា តាមរយៈការបន្តអនុត្តវិធានការបិទខ្ទប់នេះ ប្រជាជននៅក្នុងតំបន់ទាំងនោះ ត្រូវតែបន្តស្ថិតនៅក្នុងផ្ទះដដែល ដោយអាចចេញក្រៅបាន លុះត្រាតែមានហេតុផលចាំបាច់ដែលអនុញ្ញាតដោយអាជ្ញាធរ។ បើតាមគេហទំព័រ Worldometers ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣៥,៣៩០ករណី ក្នុងនោះមានអ្នកស្លាប់ ៩៣២នាក់ និងអ្នកជាសះស្បើយ ៣០,៤៦២នាក់៕