(ម៉ិកស៊ីកូ)៖ រដ្ឋាភិបាលនៃប្រទេសម៉ិកស៊ីកូបានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនផលិតកាំភ្លើងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយចោទពួកគេពីបទ ជួញដូរកាំភ្លើងខុសច្បាប់ និងបង្កឱ្យមានការបង្ហូរឈាមតាមរយៈការធ្វេសប្រហែសក្នុងការធ្វើអាជីវកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។
បើតាមពាក្យបណ្ដឹងខាងលើ ក្រុមហ៊ុនអាមេរិកទាំងនោះបានដឹងខ្លួនថាពួកគេកំពុងចូលរួមចំណែកក្នុងការជួញដូរកំាភ្លើងខុសច្បាប់ដែលមានជាប់ពាក់ព័ន្ធនឹង ករណីស្លាប់របស់មនុស្សជាច្រើននាក់ ខណៈរដ្ឋាភិបាលម៉ិកស៊ីកូកំពុងទាមទារសំណង ១០ពាន់លានដុល្លារ បើទោះជាការផ្ដល់សំណងអាស្រ័យលើ ការសម្រេចចិត្តពីតុលាការក៏ដោយ។ «ក្រុមហ៊ុនផលិតកាំាភ្លើងទាំងនោះបានដឹងថាផលិតផលរបស់ពួកគេត្រូវបានជួញដូរ និងប្រើប្រាស់ក្នុងសកម្មភាព ខុសច្បាប់ ប្រឆាំងនឹងជនស៊ីវិល ព្រមទាំងអាជ្ញាធរ...ដូច្នេះរដ្ឋាភិបាលកំពុងចាត់វិធានការសកម្មភាពដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញដែលក្រុមហ៊ុនទាំងនោះបង្កឡើងតាមរយៈ ការជួយសម្រួលដល់ការជួញដូរកាំភ្លើងខុសច្បាប់របស់ពួកគេទៅឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងឧក្រិដ្ឋជនដទៃទៀតនៅក្នុងប្រទេសម៉ិកស៊ីកូ»។ នេះបើតាម សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសម៉ិកស៊ីកូ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតកាំភ្លើងអាមេរិកដែលរងការចោទប្រកាន់ក្នុងនោះរួមមានក្រុមហ៊ុន Smith & Wesson និងក្រុមហ៊ុន Barrett Firearms មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ពាក្យបណ្ដឹងរបស់រដ្ឋាភិបាលម៉ិកស៊ីកូ ត្រូវបានដាក់ជូនតុលាការក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ៕