(ប៉េរូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបាននិយាយថា វីរុស COVID-19 បំប្លែងថ្មី ឡាំបដា (Lambda) ដែលត្រូវបានគេរកឃើញមុនគេនៅក្នុងប្រទេសប៉េរូ ហើយបច្ចុប្បន្នកំពុង លុកលុយតំបន់អាមេរិកឡាទីន មានសមត្ថភាពចម្លងជំងឺលឿនរហ័ស ព្រមទាំងអាចអត់ធន់នឹងវ៉ាក់សាំងទៀតផង បើធៀបទៅនឹងវីរុស COVID-19 ដើមរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។
នៅក្នុងការសិក្សាស្រាវជ្រាវនៅឯមន្ទីរពិសោធន៍ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានរកឃើញថា ការប្លែងខ្លួនចំនួនបីនៅលើប្រូតេអ៉ីន (spike protein) របស់វីរុសបំប្លែងថ្មី Lambda (RSYLTPGD246-253N, 260 L452Q និង F490S) បានជួយឱ្យវីរុសបំប្លែងថ្មីមួយនេះ អាចធន់នឹងអង់ទីករដែលបង្កើតឡើងដោយវ៉ាក់សាំង។ បន្ថែមពីលើនេះ ការបំប្លែងខ្លួនពីរបន្ថែមទៀត (T76I និង L452Q) ក៏បានធ្វើឱ្យវីរុស Lambda អាចចម្លងជំងឺយ៉ាងលឿនរហ័សផងដែរ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកវីរុស COVID-19 បំប្លែងថ្មី Lambda ទៅក្នុងបញ្ជីនៃ «វីរុសបំប្លែងថ្មីដែលត្រូវផ្តោតការចាប់អារម្មណ៍» រួមជាមួយវីរុសបំប្លែងថ្មី ០៣ផ្សេងទៀតដូចជាវីរុសបំប្លែងថ្មី អេតា (Eta), អ៉ីយ៉ូតា (Iota) និង កាប់ផា (Kappa)។
បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីនដូចជា ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, បារាំង និងព័រទុយហ្កាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕