(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Gutterres) នៅថ្ងៃពុធសប្ដាហ៍នេះ បានស្វាគមន៍ការតែងតាំងរដ្ឋមន្រ្តីការបរទេសប្រ៊ុយណេ លោក អ៊ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ (Erywan bin Pehin Yusof) ជាប្រេសិតពិសេសរបស់អាស៊ាន (ASEAN) ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យអគ្គលេខាធិកា UN លោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការតែងតាំងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអនុវត្តនូវការឯកភាព ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា អង្គការសហប្រជាជាតិកំពុងទន្ទឹងរង់ចាំ បន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើការឆ្លើយតបរួមគ្នា ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយកត់សម្គាល់ថា ប្រេសិតពិសេសរបស់អាស៊ាន និងប្រេសិតពិសេសរបស់ UN នឹងបំពេញតួនាទីបន្ថែមដើម្បីដោះស្រាយវិបត្តិនេះ៕