(ដាកា)៖ មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ក្នុងពិធីមង្គលការមួយ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃពុធនេះ ដោយរន្ទះបាញ់ដ៏ធំមួយនៅក្នុងស្រុក Chapainawabganj ប្រទេសបង់ក្លាដែស ដែលមានចំងាយប្រមាណ ៣០២គីឡូម៉ែត្រពីភាគពាយព្យ នៃរដ្ឋធានីដាកា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។
លោក Sakib Al Rabbi ប្រធានរដ្ឋបាល នៃសង្កាត់ Shibganj របស់ស្រុក Chapainawabganj បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា «មនុស្ស ១៧នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីរន្ទះបាញ់ពន្លិចទូកពិធីមង្គលការមួយ»។
លោកបានបន្ថែមថា សោកនាដកម្មនេះបានកើតឡើងនៅក្បែរចំណតទូកមួយ នៅច្រាំងទន្លេប៉ាដានៅពេលថ្ងៃត្រង់ថ្ងៃពុធនេះ។
មន្រ្តីសេវាកម្មអគ្គីភ័យលោក Meherul Islam បានគូសបញ្ជាក់ថា មនុស្ស ១៤នាក់ផ្សេងទៀតបានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈកូនកំលោះ និងកូនក្រមុំស្ថិតក្នុងចំណោមអ្នកដែលរងរបួសធ្ងន់។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅប្រទេសបង់ក្លាដែស មានមនុស្សរាប់រយនាក់បានបាត់បង់ជីវិតដោយសារតែគ្រោះរន្ទះបាញ់។ សោកនាដកម្មនេះច្រើនកើតមានឡើងភាគច្រើននៅអំឡុងខែក្តៅ នៃមីនាដល់ខែកក្កដា៕