(ញូដេលី)៖ ឥណ្ឌាកំពុងត្រៀមបញ្ជូនក្រុមនាវាចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង ក្នុងខែសីហានេះ ក្រោមគោលបំណងពង្រីកចំណងទាក់ទង ផ្នែកសន្តិសុខជាមួយបណ្តាប្រទេសជាមិត្ត ខណៈវាទំនងជាសញ្ញាបង្ហាញថា ឥណ្ឌាហាក់មានបំណងចង់ដើរជា តួអង្គសំខាន់ជាងមុននៅក្នុងតំបន់ ដើម្បីតទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។
ជាធម្មតាយោធាឥណ្ឌាមានការប្រុងប្រយ័ត្នបំផុត ចំពោះសកម្មភាព ដែលអាចធ្វើឲ្យចិនរង្គាសចិត្ត ប៉ុន្តែភាពតានតឹងបានកើនឡើង ក្រោយការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរ នៅព្រំដែនជម្លោះកាលពីឆ្នាំទៅ។ បើតាមសេចក្តីថ្លែងការណ៍របស់យោធាជើងទឹករបស់ឥណ្ឌា នាវាចម្បាំងចំនួន ០៤គ្រឿង នឹងត្រូវដាក់ពង្រាយរយៈពេល ០២ខែ ទៅកាន់តំបន់អាស៉ីអាគ្នេយ៍ សមុទ្រចិនខាងត្បូង និងភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក។
យោធាឥណ្ឌាបានលើកឡើងថា ការចល័តក្រុមនាវាចម្បាំងនេះ គឺដើម្បីសង្កត់ធ្ងន់ពីសាមគី្គភាពជាមួយបណ្តាប្រទេសជាមិត្ត សំដៅធានានូវ សន្តិសុខសណ្តាប់ធ្នាប់ល្អលើដែនសមុទ្រ។ កំលុងការដាក់ពង្រាយ ក្រុមនាវាចម្បាំងឥណ្ឌា ក៏នឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី នៅក្បែរកោះហ្គាំផងដែរ។ ប្រទេសចិនបានចេញមុខរិះគន់ សមយុទ្ធយោធានេះរួចទៅហើយថា «ជាទង្វើបង្កអស្ថិរភាពក្នុងតំបន់»។
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងបានក្លាយជាបញ្ហាក្តៅមួយ ក្នុងចំណោមបញ្ហាជាច្រើនផ្សេងទៀត ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ដោយទីក្រុងវ៉ាស៉ីនតោនជារឿយៗបានចល័តនាវាចម្បាំង មកកាន់តំបន់សមុទ្រនេះ៕