(ហ្សាការតា)៖ ទីបំផុតឥណ្ឌូណេស៉ីបានក្លាយជាប្រទេសទីពីរ នៅក្នុងតំបន់អាស៉ី និងដំបូងគេនៅអាស៉ីអាគ្នេយ៍ ដែលមានមនុស្សស្លាប់ដោយសារជំងឺ COVID-19 កើនលើសពី១០០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។
ទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌូណេស៉ីនាថ្ងៃពុធនេះ បានបង្ហាញថា ឥណ្ឌូណេស៉ីទើបតែបានកត់ត្រាអ្នកស្លាប់ ១,៧៤៧នាក់ថែមទៀត ដោយសារ COVID-19 ដែលនាំឲ្យចំនួនអ្នកបាត់បង់ជីវិត សរុបនៅទូទាំងប្រទេសកើនដល់ ១០០,៦៣៦នាក់ ខណៈជាច្រើនសប្តាហ៍មកនេះ ឥណ្ឌូណេស៉ី បន្តមានតួលេខប្រចាំថ្ងៃនៃករណីស្លាប់ ច្រើនជាងគេនៅលើពិភពលោក។
គួរបញ្ជាក់ថា ពេលនេះ ឥណ្ឌូណេស៉ីចូលរួមជាមួយប្រទេស១១ផ្សេងទៀត រួមមានសហរដ្ឋអាមេរិក ប្រេស៉ីល ឥណ្ឌា ម៉ិចស៉ីកូ ប៉េរូ រុស្ស៉ី ចក្រភពអង់គ្លេស អ៉ីតាលី កូឡុំប៊ី បារាំង និងអាហ្សង់ទីន ដែលបានបាត់បង់ជីវិតមនុស្សច្រើនជាង ១០០,០០០នាក់ ដោយសារ COVID-19៕