(កាប៊ុល)៖ ក្រុមឧទ្ទាមតាលីបង់បានចេញមុខអះអាងថា ការវាយប្រហារលំនៅឋានរបស់ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន គឺជាទង្វើរបស់ក្រុមខ្លួន ដោយក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យមានមនុស្សស្លាប់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីលឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) បានសរសេរសារបង្ហោះលើគណនី Twitter របស់ខ្លួននៅថ្ងៃពុធនេះថា «ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយចំនួន បានកើតឡើងទៅលើលំនៅឋានរបស់ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន ស្ថិតក្នុងរដ្ឋធានីកាប៊ុល ហើយវាបានបង្កឲ្យសត្រូវយើងជាច្រើននាក់បាត់បង់ជីវិត»។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន មិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ដោយលោក និងសមាជិកគ្រួសារឯទៀត បានចាកចេញពីលំនៅឋាន ដែលស្ថិតនៅក្នុងទីក្រុងកាប៊ុលនោះ នៅមុនពេលរងការវាយប្រហារ។
គួរបញ្ជាក់ថា ការវាយប្រហារលំនៅឋានរបស់ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក ប៊ីស្មីលឡាហ៍ ខាន់ ម៉ូហាំម៉ាឌី (Bismillah Khan Mohammadi) បានកើតមានឡើងកាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ និងនាំឲ្យមានការប្រយុទ្ធគ្នា អូសបន្លាយរហូតដល់ ៥ម៉ោងផងដែរ។ នៅក្នុងការវាយប្រហារ និងប្រយុទ្ធគ្នានោះ បានបណ្តាលឲ្យមនុស្ស ៣៤នាក់ស្លាប់ ក្នុងនោះភាគច្រើនជាជនស៊ីវិល៕