(អ៊ូឡាំងបាទ័រ)៖ ភ្លើងឆេះព្រៃដ៏ធំសម្បើមនៅតំបន់ស៊ីបេរី (Siberia) នៃប្រទេសរុស្ស៊ី បានបង្កជាផ្សែងហុយពាសពេញតំបន់ជុំវិញ ហើយក្នុងនោះ ផ្នែកខ្លះនៃប្រទេសម៉ុងហ្គោលី រួមទាំងរដ្ឋធានី អ៊ូឡាំងបាទ័រ (Ulan Bator) ផងដែរ ត្រូវបានផ្សែងគ្របដណ្តប់ពាសពេញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។
ទីភ្នាក់ងារតាមដានបរិស្ថាន និងភូមិសាស្ត្រនៃប្រទេសម៉ុងហ្គោលី បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា «នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋធានីរបស់យើង និងខេត្តភាគខាងជើង ក៏ដូចជាភាគកណ្តាលមួយចំនួនទៀត ត្រូវបានគ្របដណ្តប់ដោយផ្សែងពណ៌ស ដែលបានរសាត់មកពីតំបន់ Siberia នៃប្រទេសរុស្ស៊ី ដែលកំពុងកើតមានភ្លើងឆេះព្រៃ»។
គួរបញ្ជាក់ថា ភាគកណ្តាលនៃតំបន់ Siberia របស់រុស្ស៊ី និងរដ្ឋធានី Ulan Bator របស់ម៉ុងហ្គោលី មានចម្ងាយរហូតដល់ទៅជាង ១,៥០០គីឡូម៉ែត្រពីគ្នាឯណោះ។ សម្រាប់ភ្លើងឆេះព្រៃនៅតំបន់ Siberia ត្រូវបានសារព័ត៌មានរុស្ស៊ី Moscow Times ពណ៌នាថា បាននិងកំពុងធ្វើឲ្យពេលថ្ងៃក្លាយជាពេលយប់ ព្រោះប្រជាជននៅទីនោះ មិនអាចមើលឃើញពន្លឺព្រះអាទិត្យឡើយ ដោយសារផ្សែងហុយឡើងពាសពេញផ្ទៃមេឃ។ រុស្ស៊ីមិនទាន់បង្ហើបអំពីព័ត៌មានលម្អិត នៃភ្លើងឆេះព្រៃនេះនៅឡើយទេ៕