(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលីនៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា បុរសជនជាតិអូស្រ្តាលីម្នាក់ដែលមានអាយុខ្ទង់ ២០ឆ្នាំ បានស្លាប់នៅក្នុងគេហដ្ឋានរបស់ខ្លួន ស្ថិតនៅទីក្រុងស៊ីដនី ដោយសារជំងឺ COVID-19 ហើយក៏ជាអ្នកស្លាប់ដែមានវ័យក្មេងបំផុត ក្នុងចំណោមអ្នកស្លាប់ផ្សេងៗទៀត ដោយសារជំងឺឆ្លងរាត្បាតដ៏កាចសាហាវនេះ នៅក្នុងប្រទេសអូស្រ្តាលីផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បុរសខាងលើមិនត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឡើយ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៣ថ្ងៃបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ ប៉ុន្តែសុខភាពរបស់អ្នកជំងឺរូបនេះ បានវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ យ៉ាងឆាប់រហ័ស។
អត្តសញ្ញាណរបស់បុរសខាងលើនេះ និងមូលហេតុដែលគាត់បានឆ្លងជំងឺនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែរូបគេជាអ្នករស់នៅភាគនិរតីទីក្រុងស៊ីដនី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនូវករណីឆ្លងជំងឺ COVID-19 ជាច្រើនករណីដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ដែលបានដាក់សម្ពាធលើទីក្រុង ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ អស់ជាច្រើនសប្តាហ៍។
ជុំវិញបញ្ហានេះ លោកស្រី គ្លេឌីស ប៊ឺរេជីកលាន (Gladys Berejiklian) អភិបាលរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) បាននិយាយថា «វាបានបង្ហាញជាថ្មីម្តងទៀតថា ជំងឺនេះមានភាពសាហាវដល់កម្រិតណា ព្រោះវាអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ»។
គួរបញ្ជាក់ថា ការស្លាប់របស់បុរសខាងលើនេះ បានបង្ហាញពីហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ និងសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ដើម្បីការពារសុខភាពរបស់មនុស្សគ្រប់គ្នា។ អាជ្ញាធរសុខាបាលអូស្ត្រាលី ក៏បានកំណត់គោលដៅចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន ឱ្យបានពាក់កណ្តាលនៃប្រជាជនសរុបនៅទីក្រុងស៊ីដនីផងដែរ មុនពេលវិធានការបិទខ្ទប់ទីក្រុងនេះ នឹងត្រូវដកចេញវិញនៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ។ គិតត្រឹមថ្ងៃពុធនេះ អូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ៣៥,០៨៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩២៧នាក់ និងជាសះស្បើយវិញ ៣០,៣៩៧នាក់៕