(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,២០០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
ក្រសួងសុខាភិបាលថៃបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,០១៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៨៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៨៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៧,៩៧៥នាក់ផ្សេងទៀតត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៧២,៣៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៥០៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៥៥,៨០៦នាក់។ ប្រទេសថៃក៏បានសម្រេចផ្អាកការធ្វើចរាចរណ៍ តាមផ្លូវអាកាសនៅក្នុងស្រុកផងដែរ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត COVID-19 ដែលជាហេតុបង្កឲ្យអ្នកទេសចរបរទេសនៅកោះ ភូកេត ត្រូវជាប់គាំងនៅទីនោះ ដោយមិនអាចធ្វើដំណើរទៅកន្លែងផ្សេងទៀត តាមគោលដៅបានឡើយ៕