(ប៉ារីស)៖ ទិន្នន័យរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បានបង្ហាញកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ពាក់កណ្តាលនៃចំនួនប្រជាជនសរុបក្នុងសហភាពអឺរ៉ុប (EU) ជាង ៤៤៨លាននាក់ គឺទទួលបានការចាក់វ៉ាក់សាំងពេញប្រឆាំងជំងឺ COVID-19 ដែលធ្វើឲ្យ EU នាំមុខសហរដ្ឋអាមេរិកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។
មកទល់ពេលនេះ មនុស្សជិត ២២៤លាននាក់ហើយ នៅក្នុងរដ្ឋជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានចាក់វ៉ាក់សាំងគ្រប់ដូស។ ក្នុងចំណោមប្រទេស EU ធំៗ អេស៉្បាញគឺកំពុងនាំមុខគេ ដោយ ៥៨.៣ភាគរយនៃប្រជាជនសរុបជាង ៤៦លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ។ បន្ទាប់មកទៀតគឺអ៉ីតាលី ដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងពេញលេញ ៥៤.៤ភាគរយ ក្នុងចំណោមប្រជាជនសរុប ៦០លាននាក់ ខណៈបារាំងមាន ៥២.៩ភាគរយ ក្នុងចំណោមប្រជាជនសរុបជាង ៦៥លាននាក់ និងអាល្លឺម៉ង់មាន ៥២.២ភាគរយ ក្នុងចំណោមប្រជាជនសរុប ៨៤លាននាក់។
គួរបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិកវិញគឺ ៥០.២ភាគរយនៃប្រជាជនសរុប ៣៣២លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស។ ម៉្យាងទៀត កម្រិតនៃការចាក់វ៉ាក់សាំងកំពុងតែថយចុះសន្ទុះទៅវិញ ជាពិសេសនៅតាមរដ្ឋអភិរក្សនិយម ក្នុងតំបន់ភាគខាងត្បូង និងតំបន់កណ្តាលភាគខាងលិច។ រីឯចំនួនអ្នកចាក់មិនទាន់បានគ្រប់ដូស ក៏សហរដ្ឋអាមេរិកចាញ់សហភាពអឺរ៉ុបដែរ គឺ EU សម្រេចបាន ៥៩.៣ភាគរយ ខណៈអាមេរិកសម្រេចបាន ៥៨.៣ភាគរយ៕