(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៤,៧៥៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥១៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៦,០៤៩,០១៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣០,៤៩៧នាក់ និងជាសះស្បើយឡើងសរុប ២៩.៧៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញ កំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺនេះដែរ។ បន្ថែមពីនេះការរកឃើញករណីឆ្លង COVID-19 បំប្លែងថ្មី Delta ក៏ជាបញ្ហាធំ ដែលកំពុងជំរុញឲ្យរដ្ឋកាន់តែច្រើន បង្កើនការរឹតត្បិតឡើងវិញ ក្នុងនោះដូចជាការតម្រូវឲ្យពាក់ម៉ាស នៅពេលចូលកន្លែងបិទជិតជាដើម។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៩១.៨១លាននាក់ (៥៨.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៤.៩២លាននាក់ (៥០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕