(ម៉ាកាវ)៖ តំបន់ស្វយ័តពិសេសម៉ាកាវ (Macau) នៃប្រទេសចិន បានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំលើប្រជាជនទាំងអស់ជាង ៦០០,០០០នាក់ បន្ទាប់ពីករណីឆ្លងថ្មីៗសរុប ០៤ករណី ត្រូវបានធ្វើតេស្តរកឃើញកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១
អាជ្ញាធរទីក្រុងម៉ាកាវត្រូវបានគេរាយការណ៍ថា បានបង្កើតស្ថានីយធ្វើតេស្តរហ័សរក COVID-19 សរុប ៤១ទីតាំង នៅទូទាំងទីក្រុងជាប់ឆ្នេរសមុទ្រ ភាគនិរតីប្រទេសចិនមួយនេះ ហើយការធ្វើតេស្តនឹងត្រូវសម្រុកយ៉ាងលឿនរហ័សបំផុត ដើម្បីសម្រេចឲ្យបានតាមគោលដៅក្នុងរយៈពេល ០៣ថ្ងៃ។ បើតាមទិន្នន័យកន្លងមកនេះ ទីក្រុងម៉ាកាវបានរកឃើញករណីឆ្លង COVID-19 តែ ៥៩នាក់ប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន ក៏ទើបប្រកាសចេញយុទ្ធការធ្វើតេស្តទ្រង់ទ្រាយធំ លើប្រជាជនសរុបរបស់ខ្លួនជាង ១១លាននាក់ផងដែរ បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ប៉ុន្តែមិនទាន់មានប្រភពណាបង្ហើបឲ្យដឹងថា តើអាចមានករណីឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុងនោះដែរ ឬមួយក៏យ៉ាងណានោះឡើយ ខណៈអាជ្ញាធរចិនកន្លងមកនេះ ក៏បានទទួលស្គាល់ផងដែរអំពីវត្តមានវីរុសនេះ នៅក្នុងទឹកដីរបស់ខ្លួន៕