(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណអាមេរិក កំពុងស្ថិតក្រោមវិធានការ LOCKDOWN ក្រោយផ្ទុះមានហេតុការបាញ់ប្រហារមួយនៅមជ្ឈមណ្ឌលឆ្លងកាត់របស់ខ្លួន (Transit Center)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT មុននេះបន្តិចនៅយប់ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
ទីភ្នាក់ងារកងកម្លាំងការពារ នៃមន្ទីរបញ្ចកោណ (PFPA) បានស្នើឱ្យសាធារណជនជៀសវាងទៅជិតតំបន់កើតហេតុ ដោយគូសបញ្ជាក់ថា មន្ទីរបញ្ចកោណនៅពេលនេះកំពុងស្ថិតក្រោមវិធានការបិទខ្ទប់ ដោយសារមានសេចក្តីរាយការណ៍ថា មានមនុស្សជាច្រើននាក់ត្រូវបានគេបាញ់ និងរងរបួស ក្នុងនោះរួមទាំងមន្រ្តីប៉ូលីសម្នាក់នៅមជ្ឈមណ្ឌលធ្វើដំណើររបស់ខ្លួនផងដែរ។
នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅវ៉ាស៊ីនតោន) PFPA បាននិយាយថា អគារមន្ទីរបញ្ចកោណដែលជាទីស្នាក់ការកណ្តាល នៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង ដោយសារតែមានឧប្បត្តិហេតុមួយកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដីរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះទេ។
សេចក្តីរាយការណ៍ក្នុងស្រុកដែលមិនបានបញ្ជាក់ប្រភពច្បាស់លាស់បានអះអាងថា មនុស្សជាច្រើននាក់រួមទាំងមន្រ្តីប៉ូលីសម្នាក់បានរងរបួស បន្ទាប់ពីមានផ្ទុះកាំភ្លើង។ មន្រ្តីម្នាក់ដែលបាននិយាយប្រាប់អ្នកសារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌអនាមិកបាននលើកឡើងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ទោះបីជាស្ថានភាពរបស់ពួកគេ នៅពេលនេះមិនត្រូវបានគេដឹងក៏ដោយ។
ទោះជាយ៉ាងណា សេចក្តីប្រកាសមួយចេញពីមន្ទីរបញ្ចកោណបានបញ្ជាក់ថា ការបិទខ្ទប់នេះគឺដោយសារតែ «សកម្មភាពរបស់ប៉ូលីស» ។ រថភ្លើងក្រោមដីត្រូវបានបញ្ជាឱ្យឆ្លងកាត់ស្ថានីយ៍ ដើម្បីឱ្យប្រតិបត្តិការរបស់ប៉ូលីសអាចបន្តដោយគ្មានការរាំងស្ទះ៕