(សេអ៊ូល)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ បានយល់ព្រមភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ឡើងវិញហើយ ១៣ខែ បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាត់ផ្ដាច់ខ្សែទូរស័ព្ទនេះ។ កូរ៉េទាំង២ បានចាប់ផ្ដើមជជែកគ្នាតាមខ្សែទូរស័ព្ទបន្ទាន់កាលពីថ្ងៃទី២៨ ខែកក្កដា ហើយបានយល់ព្រមថានឹងរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទ ជាប្រចាំ ២ដងក្នុងមួយថ្ងៃគឺនៅម៉ោង ៩ ៖០០នាទីព្រឹក និងម៉ោង ៥៖០០នាទីល្ងាច។ «មេដឹកនាំកំពូលទាំង២ បានឯកភាពគ្នាលើការបោះជំហានដ៏ធំមួយក្នុងការស្ដារ ឡើងវិញនូវទំនុកចិត្ត និងលើកកម្ពស់ការផ្សះផ្សាជាតិ»។ នេះជាការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានឆ្លើយឆ្លងគ្នាតាមសំបុត្រតាំងតែពីខែមេសាមកម្លេះ ខណៈមាន សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាមេដឹកនាំទាំង២ ក៏ទំនងជាបានពិភាក្សាគ្នាពីលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលដែរ។ ដើម្បីរក្សាភាពវិជ្ជមាននេះ អនុរដ្ឋមន្ត្រីបង្រួបបង្រួម ជាតិកូរ៉េខាងត្បូង លោក ឆយ យ៉ុង ជុន (Choi Young-jun) គ្រោងនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែកញ្ញាខាងមុខនេះ ក្នុងគោលដៅ ស្វែងរកការឯកភាពគ្នាជាឯកច្ឆន ឬកង់សង់ស៊ីសចំពោះគោលនយោបាយពាក់ព័ន្ធនឹងកូរ៉េខាងជើង។
*តើលោក គីម ជុងអ៊ុនចង់បានអ្វី?
ការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាងភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ឡើងវិញជាមួយកូរ៉េខាងត្បូង ត្រូវបានក្រុមអ្នកជំនាញភាគច្រើនយល់ថាគឺជាសារមួយដែល លោក គីម ជុងអ៊ុន ចង់ផ្ញើជូនសហរដ្ឋអាមេរិកថាខ្លួនចង់ចាប់ផ្ដើមកិច្ចចរចាឡើងវិញ។ បើតាម រ៉ាម៉ុន ប៉ាឆេកូ ប៉ាដូ (Ramon Pacheco Pardo) ជាសាស្ត្រាចារ្យម្នាក់ មកពីសាកលវិទ្យាល័យ King's College London មូលដ្ឋានក្នុងប្រទេសអង់គ្លេស កូរ៉េខាងជើងកំពុងធ្វើតេស្ដ និងចង់ដឹងថាយុទ្ធសាស្ត្រការទូតទម្រង់បែបណា ទើបមានប្រសិទ្ធភាព ឬដំណើរការទៅមុខ។
លោក ប៉ាឆេកូ ប៉ាដូ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាកូរ៉េខាងជើងកំពុងបញ្ជូនសារថាខ្លួនកំពុងត្រួតពិនិត្យមើលថាតើការទូតជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដំណើរការដែរឬទេ? ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកូរ៉េខាងជើងចង់បានបំផុតក្នុងរយៈពេលខ្លី»។ ក្រៅតែពីសម្លឹងមើល ប្រយោជន៍ការទូត កូរ៉េខាងជើងក៏កំពុងផ្តោតជាសំខាន់ផងដែរពីសេដ្ឋកិច្ចជាតិដែលកំពុងដាំក្បាលចុះក្រោមដោយសារការបិទព្រំដែនទប់ស្កាត់ការឆ្លងរាលដាល COVID-19។ បើតាមធនាគារកណ្ដាលកូរ៉េខាងត្បូង សេដ្ឋកិច្ចកូរ៉េខាងជើងកំពុងរងការខូចខាតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២៣ឆ្នាំមកនេះ។
អ្នកនាង Soo Kim ជាអ្នកវិភាគគោលនយោបាយមកពីវិទ្យាស្ថាន RAND Corp បាននិយាយថាកូរ៉េខាងជើងបោះដៃរកកូរ៉េខាងត្បូងជាថ្មី គ្មានអ្វីក្រៅតែពីដោយសារ បញ្ហាសេដ្ឋកិច្ចនោះទេ។ «ស្ថានភាពសេដ្ឋកិច្ចកូរ៉េខាងជើង មានសភាពអាប់អួដោយសារតែការឆ្លងរាតត្បាត COVID-19 ដូច្នេះហើយទើបរបបដឹកនាំលោក គីម ជុងអ៊ុន ងាកមើលសម្លឹងមើលសម្បាទានផ្នែកសេដ្ឋកិច្ចខ្លះៗពីរដ្ឋាភិបាលកូរ៉េខាងត្បូង»។ នេះជាការកត់សម្គាល់របស់លោកស្រី Soo Kim។
*តើអាចនឹងមានកិច្ចចរចាជាថ្មីដែរឬទេ?
លទ្ធភាពនៃការរៀបចំកិច្ចចរចាតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំកូរ៉េទាំង ក៏ធ្លាប់ត្រូវបានគេលើកមកជជែករួចហើយដែរ។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងមើលទៅហាក់ដូចជា មិនសូវចាប់អារម្មណ៍ចំពោះកិច្ចចរចាដូចកូរ៉េខាងត្បូងនោះទេ។ ជាក់ស្ដែង នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុង បាននិយាយថាវាដូចជាលឿនរហ័សពេកហើយ ក្នុងការនិយាយពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ ហើយថែមទាំងព្រមានទៀតផងថាកិច្ចខិតខំ ប្រឹងប្រែងស្ដារឡើងវិញនូវទំនាក់ទំនងរវាងកូរ៉េទាំង២ អាចនឹងត្រូវបំផ្លាញ ប្រសិនជាកូរ៉េខាងត្បូង ពិតជាចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំជាមួយ សហរដ្ឋអាមេរិកតាមការគ្រោងទុកនៅក្នុងខែសីហានេះមែននោះ។ អ្នកនាង គីម យូ ចុង បន្ថែមថាអ្វីៗគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់កូរ៉េខាងត្បូង។
តែទោះជាយ៉ាងណាក៏ដោយ នៅត្រង់ឃ្លាចុងក្រោយរបស់អ្នកនាង គីម ដែលថាអ្វីៗគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់កូរ៉េខាងត្បូង វាហាក់ដូចជាមានន័យថា ទីក្រុងព្យុងយ៉ាងនៅតែចំហទ្វារចង់ចរចាជាមួយកូរ៉េខាងត្បូងដដែល។ លោក ប៉ាឆេកូ ប៉ាដូ យល់ថាប្រហែលជាមិនមានកិច្ចប្រជុំកំពូលនោះទេ តែវាអាចជាកិច្ចប្រជុំ កម្រិតទាបដែលនឹងក្លាយជាជម្រើសមួយ។ លោក ប៉ាឆេកូ ប៉ាដូ បានសង្កត់ធ្ងន់ដូច្នេះថា៖ «វាជារឿងសមហេតុផលក្នុងការរៀបចំកិច្ចប្រជុំកម្រិតទាប ទោះជាតាមរយៈ វីដេអូក៏ដោយ ព្រោះថាជំនួបបែបនេះអាចនឹងអនុញ្ញាតឱ្យគេយល់បានថាតើទីក្រុងព្យុងយ៉ាងពិតជាមានឆន្ទៈពិតប្រាកដចំពោះកិច្ចចរចា តាមការទូតដែរឬក៏យ៉ាងណា ហើយនេះក៏ជាអ្វីដែលកូរ៉េខាងត្បូងចង់ដឹងផងដែរ»។
គួរបញ្ជាក់ថា បើតាមអ្នកនាង Soo Kim នៅសល់ពេលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ប្រហែលជា ៧ខែទៀត លោក មូន ចែអ៉ីន មិនមានពេលគ្រប់គ្រាន់ ឬក៏អាចសម្រេចបានជោគជ័យដ៏ធំមួយពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះទេ។ ផ្ទុយទៅវិញ វាអាចនឹងក្លាយជាឱកាសមួយសម្រាប់លោក គីម ជុងអ៊ុន ទាញប្រយោជន៍ សេដ្ឋកិច្ច ឬជំនួយមនុស្សធម៌ពីទីក្រុងសេអ៊ូល ព្រមទាំងជំរុញឱ្យលោក មូន ជាលើកចុងក្រោយដើម្បីបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិកត្រឡប់មករកកិច្ចចរចាជាមួយ កូរ៉េខាងជើងវិញ៕
ប្រភព៖ Nikkei (ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១)