(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រជាជនកូរ៉េខាងត្បូងដែលបានចាក់វ៉ាក់សាំងពេញលេញសរុបចំនួន ១,១៣២នាក់បានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
ចំនួននេះវាស្មើនឹង១៧.៨នាក់ ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។ គិតត្រឹមថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួន ៦,៣៥៦,៣២៦នាក់។
ក្នុងចំណោមករណីខាងលើ មាន១២៨នាក់ឆ្លងវីរុសបំប្លែងថ្មី Delta និង ២១ករណីជាវីរុសបំប្លែងខ្លួន Alpha និងមានម្នាក់ឆ្លងវីរុសបំប្លែងខ្លួន Beta។
ក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយឆ្លងខាងលើនោះទៀតសោត មាន០៨នាក់ជាករណីធ្ងន់ធ្ងរ និងមួយករណីស្លាប់។
គួរបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១,២០២ករណីបន្ថែមទៀត ដែលនាំចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស ២០២,២០៣ករណី ក្នុងនោះស្លាប់ ២,១០៤នាក់ និងជាសះស្បើយ ១៧៧,៩០៩នាក់៕