(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) នៅថ្ងៃអង្គារនេះបានផ្តល់ការទទួលស្គាល់ជាផ្លូវការ ចំពោះលោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ជាប្រធានាធិបតីអ៉ីរ៉ង់ថ្មី បន្ទាប់ពីលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីប៉ុន្មានខែមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
លោក Khamenei បានផ្តល់ការទទួលស្គាល់ជាផ្លូវការដល់លោក Raisi ក្នុងពិធីមួយ ដែលត្រូវបានផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍រដ្ឋរបស់អ៉ីរ៉ង់។ កាលពីខែមិថុនាកន្លងទៅ លោក Raisi ត្រូវបានប្រជាជនអ៉ីរ៉ង់ បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទី ៨ គិតចាប់តាំងតែពីសម័យបដិវត្តន៍អ៉ីរ៉ង់ឆ្នាំ១៩៧៩។
គួរបញ្ជាក់ថា លោក Ebrahim Raisi នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅក្នុងសភាអ៉ីរ៉ង់នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្តវេនពីលោក ហាស្សាន រូហានី (Hassan Rouhani) ដែលបានកាន់តំណែងជាប្រធានាធិបតីអ៉ីរ៉ង់ តាំងតែពីឆ្នាំ២០១៣។ ទោះបីជាអ៊ីរ៉ង់នឹងមានមេដឹកនាំថ្មីក៏ពិតមែន ប៉ុន្តែគោលនយោបាយចំពោះលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ហាក់ដូចជានឹងមិនមានការប្រែប្រួលឡើយ បើតាមការប្រកាសជំហរដោយលោក Ebrahim Raisi នៅក្រោយលោកឈ្នះឆ្នោត៕