(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូងមួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងចង់ឱ្យសហរដ្ឋអាមេរិក បន្ធូរបន្ធយទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន ដើម្បីរៀបចំកិច្ចចរចាស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
សមាជិកសភាកូរ៉េខាងត្បូងបានថ្លែងដូចខាងលើ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ដោយទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូងថា កូរ៉េខាងជើងបានទាមទារឱ្យសហរដ្ឋអាមេរិក បន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ ដែលហាមឃាត់ការនាំចូលផលិតផលសំខាន់ៗមួយចំនួន ចូលទៅកាន់កូរ៉េខាងជើង។ សេចក្ដីរាយការណ៍នេះ បានកើតមានឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េទាំងពីរបានស្តារឡើងវិញ នូវដំណើរការខ្សែទូរស័ព្ទបន្ទាន់អន្តរកូរ៉េ (Hotline) ដែលកូរ៉េខាងជើងបានកាច់ផ្ដាច់កាលពីមួយឆ្នាំមុន។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ ក៏មិនបានចេញផ្សាយអំពីសំណើថ្មីណាមួយ ដែលជាការទាមទារឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្ម ដើម្បីចាប់ផ្តើមកិច្ចចរចាស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរឡើងវិញនោះដែរ។ ដោយឡែកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បានព្រមានទុកជាមុន ចំពោះគម្រោងធ្វើសមយុទ្ធយោធារួមគ្នារវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនឹងអាចបំផ្លាញដល់ ឱកាសចរចាគ្នា ដែលកូរ៉េខាងជើងកំពុងបើកចំហ៕