(ញូដេលី)៖ មនុស្សយ៉ាងហោច ១៦នាក់បានស្លាប់, រាប់សិបនាក់ត្រូវបានជួយសង្រ្គោះ ហើយរាប់សែននាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព បន្ទាប់ពីព្យុះភ្លៀងមូសុងវាយប្រហារលើភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។

ការរាយការណ៍ពីតួលេខអ្នកស្លាប់ ១៦នាក់ចុងក្រោយខាងលើក្នុងរដ្ឋ West Bengal ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមនុស្ស១១នាក់ ក្នុងរដ្ឋមួយនេះក៏បានបាត់បង់ជីវិត ផងដែរ ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយព្យុះភ្លៀងមូសុង។ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីតែងតែកើតឡើងជារឿយៗ នៅក្នុងប្រទេស ឥណ្ឌា អំឡុងរដូវភ្លៀងមូសុងចាប់ពីខែមិថុនា ដល់ខែកញ្ញា។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ មនុស្សយ៉ាងហោច ២៥០នាក់ហើយបានស្លាប់ មកទល់នឹងបច្ចុប្បន្ន ដោយគ្រាន់តែកាលពីខែកក្កដាកន្លងទៅ មនុស្សដល់ទៅជាង ២០០នាក់ឯណោះ បានស្លាប់នៅក្នុងរដ្ឋ Maharashtra ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយព្យុះភ្លៀងមូសុង៕