(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់សហរដ្ឋអាមេរិក បានបញ្ចប់ទស្សនកិច្ចនៅប្រទេសចិននិង «ទស្សនកិច្ចនៅប្រទេសជិតខាងរបស់ប្រទេសចិនជាច្រើន» ។ ពីការដែលលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលីនិងចិន ដល់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅឥណ្ឌា រហូតដល់លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកទៅបំពេញទស្សនកិច្ច នៅប្រទេសអាស៊ីអាគ្នេយ៍ចំនួនបីជាបន្តបន្ទាប់ មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ភាគីអាមេរិក ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដើម្បីញុះញង់បំបែកបំបាក់អ្នកដទៃ នៅមុខទ្វារប្រទេសចិន បង្ខំឱ្យជំរុញអ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិក ឧបាយកលរបស់ភាគីអាមេរិកស្តីពីការបង្កើតរង្វង់ឡោមព័ទ្ធ សម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន គឺច្បាស់លាស់ណាស់។
ពិតមែនតែលោកស្រី Wendy Sherman បានអះអាងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនថា ភាគីអាមេរិកមិនស្វែងរកការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនក៏ដោយ ក៏ប៉ុន្តែការពិតបានបញ្ជាក់ថា ភាគីអាមេរិកនៅតែលេងកលល្បិចដែលនិយាយផ្សេងធ្វើផ្សេង។
អាចមើលឃើញថា ក្រៅពីប្រទេសធំៗដែលនៅជិតខាងនៃប្រទេសចិនដូចជាឥណ្ឌា និងជប៉ុនជាដើម សហរដ្ឋអាមេរិកក៏បានបង្កើនការប្រើប្រាស់ធនធានយោធា និងនយោបាយចំពោះប្រទេសអាស៊ីអាគ្នេយ៍ ដែលប្រកាន់ខ្ជាប់គោលជំហរអព្យាក្រឹតផងដែរ។ ព្រមពេលជាមួយគ្នានេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានឃោសនាបំប៉ោងនូវ «ផលប្រយោជន៍សន្តិសុខរួមក្នុងតំបន់” នៅប្រទេសឥណ្ឌា ដើម្បីជំរុញយុទ្ធសាស្ត្រឥណ្ឌា-ប៉ាស៊ីហ្វិក និង “យន្តការប្រទេសបួន” ដោយគ្រប់ជ្រុងជ្រោយ។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជិតខាងគឺល្អប្រសើរជាទូទៅ ការស្វែងរកសន្តិភាព និងការអភិវឌ្ឍជាតម្រូវការ និងសំណូមពររួមរបស់ប្រទេសក្នុងតំបន់។ បច្ចុប្បន្ននេះ ប្រទេសចិនបានអនុម័តមុនគេលើកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិភពលោក ក្រោមការផ្តួចផ្តើមរបស់អាស៊ាន ហើយបានខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ប្រទេសអាស៊ាន ក៏ដូចជាគាំទ្រប្រទេសអាស៊ានបង្កើតជាមជ្ឈមណ្ឌលផលិត និងចែកចាយវ៉ាក់សាំងក្នុងតំបន់ផងដែរ ក្នុងន័យបង្ហាញពីអ្វីដែលហៅថា “អ្នកជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អ” តាមរយៈការអនុវត្តជាក់ស្តែង។
មិត្តនៅជិតប្រសើរជាងញាតិនៅឆ្ងាយ។ វាច្បាស់ណាស់ថា ប្រទេសចិនកាន់តែយល់ដឹងគំនិត និងតម្រូវការដ៏ពិតប្រាកដ របស់ប្រទេសជិតខាងជាងសហរដ្ឋអាមេរិក ដូច្នេះឧបាយកលរបស់ភាគីអាមេរិក ដែលចង់អុជអាលបំបែកបំបាក់ទំនាក់ទំនងរវាងចិន និងប្រទេសជិតខាងនឹងមិនអាចទទួលបានប្រសិទ្ធភាពអ្វីនោះឡើយ។
សូមដាស់តឿនអ្នកសម្រេចគោលនយោបាយរបស់សហរដ្ឋអាមេរិក ឱ្យធ្វើការសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់ នូវការយកចិត្តទុកដាក់និងគំនិតផ្តួចផ្តើមរបស់ភាគីចិន ហើយផ្លាស់ប្តូរការយល់ដឹងខុសឆ្គងយ៉ាងខ្លាំង ចំពោះប្រទេសចិន និងគោលនយោបាយចំពោះប្រទេសចិនដ៏គ្រោះថ្នាក់បំផុត កុំចាត់ទុកប្រទេសចិនជា “សត្រូវក្នុងការស្រមើស្រមៃ” កុំធ្វើកិច្ចសហប្រតិបត្តិការក្នុងសំបកក្រៅ តែតាមការពិតបានធ្វើការបដិបក្ខគ្នា និងលះបង់ចោលទង្វើដែលបង្កើត “រង្វង់ឡោមព័ទ្ធសម្រាប់ទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន” នៅទូទាំងពិភពលោក ។ អាមេរិកគួរតែដឹងច្បាស់ថា ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ដែលប្រកបដោយស្ថិរភាព និងភាពរឹងមាំមិនត្រឹមតែសមស្រប នឹងផលប្រយោជន៍របស់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាក្តីបំណងរួមរបស់សហគមន៍អន្តរជាតិផងដែរ៕ (#CCFR Comment#)