(វ៉ាស៉ីនតោន)៖ ប្រធានាធីបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅថ្ងៃចន្ទសប្តាហ៍នេះ បានពិភាក្សាគ្នាពាក់ព័ន្ធករណីពលរដ្ឋកាណាដា ០២នាក់ ដែលកំពុងជាប់ឃុំខ្លួននៅក្នុងប្រទេសចិន ដោយស្ថិតក្នុងគោលបំណងស្វះស្វែងរកវិធី ជួយរំដោះពួកគេមកវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក បៃដិន និងលោក Trudeau បានជជែកគ្នាអំពីអតីតអ្នកការទូតកាណាដាម្នាក់ឈ្មោះ ម៉ៃខឺល កូវរីក (Michael Kovrig) និងធុរជនកាណាដាម្នាក់ឈ្មោះ ម៉ៃខឺល ស្ពេវ័រ (Michael Spavor) ដែលបាននិងកំពុងជាប់ឃុំនៅចិន អស់រយៈពេល ០២ឆ្នាំមកហើយ ក្រោមការចោទប្រកាន់ពីបទលួចស៉ើបយកការណ៍ ហើយលោក បៃដិន និងលោក Trudeau បានឯកភាពគ្នាថា អ្នកទាំងពីរគួរតែត្រូវដោះលែងវិញជាបន្ទាន់។
គួរបញ្ជាក់ថា លោក Kovrig និង លោក Spavor បានបង្ហាញវត្តមានជាលើកដំបូង ក្នុងតុលាការនៃប្រទេសចិន កាលពីខែមីនា ឆ្នាំ២០២១នេះ។ ការឃាត់ខ្លួនពលរដ្ឋកាណាដាទាំងពីរនាក់បានកើតមានឡើង បន្ទាប់ពីអាជ្ញាធរកាណាដា បានចាប់ខ្លួននាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei គឺលោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) តាមដីការបស់សហរដ្ឋអាមេរិក ហើយអាមេរិកបានជំរុញឲ្យកាណាដា ធ្វើបត្យាប័នលោកស្រី ម៉េង ទៅកាត់ទោសនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែរឿងនេះមិនទាន់អាចកើតមានឡើយ ព្រោះដំណើរការតាមនីតិវិធីតុលាការកាណាដាកំពុងតែបន្ត៕