(ឌូបៃ)៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិន Sinopharm ឲ្យក្មេង ដែលមានអាយុចាប់ពី ៣ឆ្នាំ ទៅដល់១៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
បើតាមក្រសួងសុខាភិបាលអេមីរ៉ាត់អារ៉ាប់រួម ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការធ្វើតេស្តនិងការវាយតម្លៃគ្រប់ជ្រុងជ្រោយ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ ប្រទេសអារ៉ាប់មួយនេះ ដែលមានអត្រាចាក់វ៉ាក់សាំង COVID-19 ខ្ពស់បំផុតមួយលើលោក ក៏បានប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ដើម្បីចាក់ឲ្យក្មេងៗអាយុចន្លោះ១២-១៥ឆ្នាំ រួចទៅហើយផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមចុងសប្តាហ៍មុននេះ ជិត៧៩ភាគរយនៃប្រជាជនទាំង៩លាននាក់ របស់អេមីរ៉ាត់អារ៉ាប់រួម ទទួលបានការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោច១ដូស ខណៈជាង៧០ភាគរយ ចាក់បានពេញគ្រប់ដូស។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អេមីរ៉ាត់អារ៉ាប់រួម បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ១,៥១៩នាក់ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៦៨២,៣៧៧នាក់ ក្នុងនោះមានអ្នកស្លាប់ ១,៩៥១នាក់ ៕