(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី ដែលតា ផ្លឹស (Delta Plus) ០២ករណីដំបូងបំផុត ខណៈប្រទេស អាស៊ីខាងកើតមួយនេះកំពុងតស៊ូប្រយុទ្ធជាមួយរលកទី៤ ដែលកំពុងឆ្លងរាតត្បាតទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
វីរុស COVID-19 បំប្លែងថ្មី Delta Plus ដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍ក្នុងចំនួនតិចតួចនៅឡើយ នៅតាមប្រទេសមួយចំនួនដូចជា អង់គ្លេស, ព័រទុយហ្កាល់ និងឥណ្ឌា។ បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ករណីឆ្លងវីរុសបំប្លែងថ្មី Delta Plus ដំបូងត្រូវបានរកឃើញលើបុរសម្នាក់មានអាយុ ៤០ឆ្នាំ ដែលមិនធ្លាប់មានប្រវតិ្តធ្វើដំណើរទៅបរទេសកាលពីពេលថ្មីៗនេះទេ ហើយករណីឆ្លងវីរុសបំប្លែងថ្មីនេះទី ២ រកឃើញលើអ្នកដំណើរម្នាក់មកពីបរទេស។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ១,២០២នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២០២,២០៣នាក់ ក្នុងនោះស្លាប់ ២,១០៤នាក់ និងជាសះស្បើយ ១៧៧,៩០៩នាក់។ ការរកឃើញករណីឆ្លង COVID-19 កើនឡើងលើស ១,០០០នាក់ក្នុងមួយថ្ងៃ អស់ជាច្រើនសប្តាហ៍មកនេះ បានជំរុញឲ្យកូរ៉េខាងត្បូងអនុវត្តវិធានការរឹតត្បិតខ្លាំងជាងមុន ដូចជាការតម្រូវឲ្យពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសនៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ៕
មកទល់នឹងបច្ចុប្បន្ន វីរុស COVID-19 បំប្លែងថ្មី Delta Plus ដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌាដូច Delta ដែរនោះ ត្រូវបានរាយការណ៍នៅតាមប្រទេសមួយចំនួនដូចជា អង់គ្លេស, ព័រទុយហ្កាល់, កាណាដា, ជប៉ុន, នេប៉ាល់. ប៉ូឡូញ, រុស្ស៊ី, ស្វីស, តួកគី និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី ២២ ខែមិថុនាកន្លងទៅនេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានសម្រេចប្រកាសចាត់ទុកថា Delta plus ជា «វីរុសដែលត្រូវព្រួយបារម្ភ» (variant of concern) ខណៈពួកគេបារម្ភខ្លាចក្រែង វីរុសបម្លែងថ្មីនេះអាចនឹងបង្កករលកទី ៣ COVID-19។
ការសម្រេចចិត្តបែបនេះរបស់អាជ្ញាធរសុខាភិបាលឥណ្ឌាធ្វើឡើង បន្ទាប់ពីរកឃើញភស្ដុងតាងមួយចំនួនបង្ហាញថា វីរុសមួយនេះអាចមានសមត្ថភាពចម្លងជំងឺ លឿនរហ័សជាងវីរុសបម្លែងថ្មីនានា ដែលមាននៅពេលបច្ចុប្បន្ន ដោយវាអាចភ្ជាប់ខ្លួនយ៉ាងរឹងមាំទៅនឹង កោសិកាសួត ហើយថែមទាំងអាចអត់ធន់ប្រឆាំងនឹង វិធីសាស្ត្រព្យាបាលជំរុញប្រព័ន្ធភាពសុំា ឬ monoclonal antibodies ទៀតផង៕