(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៦,៣៦៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២១៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,៨៩៥,៩៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៩,៨៦២នាក់ និងជាសះស្បើយឡើងសរុប ២៩.៧១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
បើតាមការលើកឡើងដោយ អ្នកជំនាញជាន់ខ្ពស់ផ្នែកសុខាភិបាលនៅអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានទទួលស្គាល់ថា ស្ថានការណ៍ COVID-19 មានសភាពកាន់តែអាក្រក់ ខណៈវីរុសបម្លែងថ្មី Delta បានធ្វើឱ្យករណីឆ្លងផ្ទុះឡើងជាថ្មី ជាពិសេសនៅក្នុងចំណោមប្រជាជនអាមេរិក ដែលមិនទាន់ចាក់វ៉ាក់សាំងតែម្ដង។ អ្នកជំនាញផ្នែកជំងឺឆ្លងរូបនេះបានគូសបញ្ជាក់ថា អាមេរិកនៅមិនទាន់អាចកាត់ផ្ដាច់ការឆ្លង COVID-19 នៅឡើយទេ ប៉ុន្តែលោកជឿជាក់ថា អាមេរិកនឹងមិនត្រលប់ទៅស្ថានភាព ដូចកាលពីរដូវរងារកន្លងទៅនោះឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៩១.៥លាននាក់ (៥៨.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៤.៧៥លាននាក់ (៥០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕