(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែងចេញពីរដ្ឋធានីវ៉ាស៊ីនតោនថា មន្ត្រីទូតរុស្ស៊ីសរុប ២៤រូប ត្រូវបានសហរដ្ឋអាមេរិកបញ្ជា ឲ្យចាកចេញពីប្រទេសនេះ ឲ្យបានមុនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដោយសារតែទិដ្ឋាការរបស់ពួកគេផុតសុពលភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក អាណាតូលី អាន់តូនៅ (Anatoly Antonov) បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានមួយ នៅទីក្រុងវ៉ាស៊ីនតោនថា «យើងបានទទួលបញ្ជីមួយ ដែលមានកត់ឈ្មោះមន្ត្រីទូតយើងសរុប ២៤រូប ដែលនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក ឲ្យបានមុនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១...។ ស្ទើរតែទាំងអស់នៃកន្លែងរបស់មន្ត្រីទូតទាំងនេះ នឹងមិនត្រូវមានអ្នកថ្មីមកជំនួសឡើយ ព្រោះទីក្រុងវ៉ាស៊ីនតោនបានដាក់ការរឹតត្បិត លើដំណើរការផ្តល់ទិដ្ឋការថ្មីរួចទៅហើយ»។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ប្រាយស៍ (Ned Price) បានធ្វើការឆ្លើយតបដោយរិះគន់ ចំពោះការបកស្រាយរបស់លោក Anatoly Antonov ថា «មិនត្រឹមត្រូវ និងគ្មានភាពប្រាកដប្រជា»។ លោក Ned Price បានលើកឡើងយ៉ាងដូច្នេះថា «ការកំណត់ពេល ៣ឆ្នាំលើទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ី គឺមិនមែនជារឿងថ្មីឡើយ។ នៅពេលទិដ្ឋាការអស់សុពលភាព ពួកគេ (ជនជាតិរុស្ស៊ី) អាចនឹងត្រូវចាកចេញ ឬដាក់ពាក្យស្មើសុំបន្តទិដ្ឋាការ... នេះជាអ្វីដែលកំពុងអនុវត្តនៅទីនេះ»។
គួរបញ្ជាក់ថា កិច្ចសម្ភាសន៍ជាមួយអគ្គរដ្ឋទូតរុស្ស៊ី បានកើតមានឡើងពីរថ្ងៃ បន្ទាប់ពីក្រសួងការបរទេសអាមេរិកប្រកាសថា ខ្លួនបានបញ្ឈប់បុគ្គលិកសរុប ១៨២នាក់ និងអ្នកចាត់ចែងការទូទៅរាប់សិបនាក់ នៅតាមឯស្ថានទូត-កុងស៊ុលអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី តបតាមសំណើរបស់ទីក្រុងម៉ូស្គូ។ សហរដ្ឋអាមេរិកក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ថា ខ្លួនបានប្រើប្រាស់ការរឹតត្បិតក្នុងការផ្តល់ទិដ្ឋាការថ្មី ដើម្បីសងសឹកចំពោះរុស្ស៊ី ដែលកាលពីខែមេសាកន្លងទៅនេះ បានប្រកាសហាមឃាត់ការធ្វើទំនាក់ទំនងការងារ ក្នុងបេសកកម្មការទូតជាមួយសហរដ្ឋអាមេរិក៕