(អាតែន)៖ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដ៏ធំចំនួនពីរនៅប្រទេសក្រិកនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈនាយករដ្ឋមន្រ្តីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) បាននិយាយថា ប្រទេសនេះកំពុងទទួលរងនូវរលកកម្ដៅដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។

បើតាមរូបភាពផ្កាយរណបរបស់សហភាពអ៊ឺរ៉ុប ដែលដកស្រង់ចេញដោយក្រុមអ្នកអង្កេតការណ៍ជាតិនៅទីក្រុង អាតែន (Athens) ប្រទេសក្រិកបានបង្ហាញឱ្យដឹងថា ដីចំការស្រល់ និងអូលីវជាង ៣,០០០ហិកតាត្រូវបានដុតបំផ្លាញដោយអគ្គិភ័យ ដែលបានឆាបឆេះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅជិតទីក្រុង ប៉ាត្រាស (Patras) ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង អាតែន (Athens)។

សេវាកម្មអាកាសធាតុរបស់ប្រទេសក្រិក បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANA ថា ភ្លើងឆេះព្រៃនៅជិតទីក្រុង Patras មិនត្រូវបានគ្រប់គ្រងទាំងស្រុងនោះទេ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ សីតុណ្ហភាពកើនឡើងដល់ ៤៥អង្សាសេត្រូវបានគេព្យាករណ៍សម្រាប់តំបន់ក្បែរនោះ ដែលបង្កឱ្យមានហានិភ័យខ្លាំងចំពោះផ្ទៃដី ដែលបានទទួលរងនូវរលកកម្តៅរួចទៅហើយ។

ជុំវិញបញ្ហានេះ លោក Kyriakos Mitsotakis បាននិយាយថា យើងកំពុងប្រឈមនឹងរលកកម្ដៅដ៏អាក្រក់បំផុត គិតចាប់តាំងពីឆ្នាំ១៩៨៧ ដោយបន្ថែមថា អាជ្ញាធរកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយស្ថានការណ៍នេះ។ លោកក៏បានព្រមានថា រលកកម្ដៅដ៏អាក្រក់នេះ ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់បណ្តាញថាមពលអគ្គិសនីផងដែរ ហើយបានសុំឱ្យជនជាតិក្រិក ព្យាយាមកំណត់ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ពួកគេ នៅពេលរសៀល និងពេលយប់។

គួរបញ្ជាក់ថា បើតាមអនុរដ្ឋមន្រ្តីការពារស៊ីវិល លោក នីកូស (Nikos Hardalias) បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ មានភ្លើងឆេះព្រៃចំនួន ១,៥៨៤កន្លែងដែលកើតឡើងនៅទូទាំងប្រទេសក្រិក ខណៈបើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០១៩ មានតែ ៩៥៣កន្លែងប៉ុណ្ណោះ។ ដូច្នេះយើងលែងនិយាយអំពីការបម្រែបម្រួលអាកាសធាតុទៀតហើយ ប៉ុន្តែយើងនិយាយអំពីការគំរាមកំហែងពីអាកាសធាតុវិញម្ដង៕