(វ៉ាស៊ីនតោន)៖ តើពិភពលោកចាំបាច់ត្រូវការចាក់វ៉ាក់សាំង COVID-19 ដូសទី៣ ដែរឬេទេ? នេះជាសំណួរដែលកំពុងត្រូវបានគេចោទសួរយ៉ាងផុសផុលក្នុងបរិបទដែល បណ្ដាប្រទេសនានា នៅជុំវិញពិភពលោករាប់ចាប់ពីសហរដ្ឋអាមេរិក, អ៉ីសា្រអែល និងអូស្រ្តាលីដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន រហូតដល់តំបន់អាស៊ីអាគ្នេយ៍ បានដាក់ចេញឡើងវិញនូវវិធានការរឹតត្បិតក្នុងនោះរួមមានទាំងការបិទខ្ទប់ ឬ Lockdown ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃបង្កឡើងដោយវីរុសបម្លែងថ្មី Delta។
អង្គការសុខភាពពិភពលោក WHO ធ្លាប់បានបង្ហាញពីការជំទាស់ចំពោះផែនការចាក់វ៉ាក់សាំងដូសទី៣ ដ្បិតប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍមិនទាន់មាន វ៉ាក់សាំងគ្រប់គ្រាន់ចាក់ឱ្យប្រជាជនរបស់ពួកគេនៅឡើយ។ គោលជំហររបស់ WHO គឺជារឿងត្រឹមត្រូវខាងសីលធម៌ និងយុទ្ធសាស្ត្រក្នុងសង្រ្គាមកម្ចាត់ COVID-19។ ប៉ុន្តែ ខណៈវីរុសបម្លែងថ្មី Delta លុកលុយកាន់តែខ្លាំង ហើយចំនួនករណីឆ្លងនៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ វាបានធ្វើឱ្យអ្នកជំនាញ ខ្លះយល់ថាការចាក់វ៉ាក់សាំងដូសទី៣នឹងត្រូវតម្រូវជាចាំបាច់ ជាពិសេសមនុស្សមួយចំនួនដូចជាអ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ឬងាយរងគ្រោះអាចនឹងត្រូវចាក់វ៉ាក់សាំងដូសទី៣ ជាអាទិភាព។
* អ្វីទៅជាការចាក់វ៉ាកសាំងបន្ថែម ឬដូសទី ៣?
ការចាក់វ៉ាកសាំងដូសទី៣ គឺជាការចាក់វ៉ាក់សាំងបន្ថែម នៅក្រោយពេលអ្នកបានចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសរួចរាល់ហើយ ដើម្បីពង្រឹងប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុស ជាពិសេសនៅពេលមានភស្តុតាងបញ្ជាក់ពីការថយចុះអង់ទីករបង្កើតឡើងដោយវ៉ាក់សាំង ឬការថយចុះប្រសិទ្ធភាពវ៉ាក់សាំង។ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ ឱ្យច្បាស់ថាតើគេត្រូវចាក់វ៉ាក់សាំងដូសទី៣ នៅពេលណានោះទេ តែនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនវ៉ាក់សាំងអាមេរិក Pfizer លោក Albert Bourla បានសន្មត់ថាការចាក់ វ៉ាក់សាំងដូសទី៣ អាចនឹងធ្វើឡើងក្នុងរយៈពេលពី ៦ ឬ ១២ខែ ក្រោយការចាក់វ៉ាក់សាំងដូសទី២។
ការលើកឡើងបែបនេះរបស់លោក Albert Bourla ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC កាលពីខែមេសាកន្លងទៅ និងបន្ទាប់ពីការសិក្សាស្រាវជ្រាវថ្មីមួយ ក្នុងប្រទេសអ៉ីស្រាអែល បានរកឃើញថាវ៉ាក់សាំង Pfizer មានប្រសិទ្ធភាពរយៈពេល ៦ខែ ក្រោយការចាក់ដូសទី២។
* ហេតុអ្វីគេនាំគ្នានិយាយពីការចាក់វ៉ាក់សាំងដូសទី ៣?
កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ក្រសួងសុខាភិបាលអ៉ីស្រាអែលបាននិយាយថាវ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់BioNTech បានថយចុះប្រសិទ្ធភាពពី ៩៥ភាគរយ មកនៅត្រឹម៦៤ភាគរយតែប៉ុណ្ណោះក្នុងការបង្ការការពារមនុស្សពីវីរុសបម្លែងថ្មី Delta។ បើតាមក្រសួងសុខាភិបាល អ៉ីស្រាអែល ការថយចុះប្រសិទ្ធភាពវ៉ាក់សាំងនេះត្រូវបានរកឃើញនៅលើអ្នកចាក់វ៉ាក់សាំង ២ដូស កាលពីខែមករា ឬខែកុម្ភៈ ហើយរហូតដល់ថ្ងៃទី១១ ខែកក្កដាកន្លងទៅ នេះទើបអ៉ីស្រាអែលប្រកាសថានឹងចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាជនរបស់ខ្លួនដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ។
* តើយើងពិតជាចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី៣ មែនទេ?
អង្គការសុខភាពពិភពលោក WHO មិនបានផ្ដល់អនុសាសន៍សម្រាប់ការចាក់វ៉ាក់សាំងដូសទី៣នោះទេ ស្របពេលការសិក្សាស្រាវជ្រាវកំពុងធ្វើឡើងនៅឡើយ។ ប៉ុន្តែ ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta ក្រុមអ្នកជំនាញមួយចំនួនយល់ថាការចាក់វ៉ាក់សាំងដូសទី៣ ប្រហែលជានឹងត្រូវតម្រូវជាចាំបាច់។ វ៉ាក់សាំងខ្លះដូចជា វ៉ាក់សាំងជំងឺកញ្ជ្រឹល គឺអាចការពារបានមួយជីវិតពីវីរុសបង្កជំងឺនេះ តែវ៉ាក់សាំងខ្លះទៀតមិនដូច្នោះទេ។ ជាឧទាហរណ៍ដូចជា វ៉ាក់សាំងជំងឺតេតាណូស និងវ៉ាក់សាំងជំងឺ ខាន់ស្លាក់ជាដើម វាត្រូវការចាក់វ៉ាក់សាំងបន្ថែមជារៀងរាល់ ១០ឆ្នាំម្ដង។
ក្រុមអ្នកស្រាវជ្រាវជាច្រើនកំពុងសង្ស័យថាអង់ទីករ ឬប្រព័ន្ធភាពសុំាបង្កើតដោយវ៉ាក់សាំង COVID-19 អាចនឹងថយចុះប្រសិទ្ធភាពនៅពេលណាមួយ ដូចដែលការសិក្សា នៅក្នុងប្រទេសអ៉ីស្រាអែលបានបង្ហាញពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer។ នៅក្នុងវេទិការបច្ចេកវិទ្យាសុខាភិបាលរៀបចំឡើងឡើងដោយកាសែត Wall Street Journal កាលពីខែមិថុនា អ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci ក៏ធ្លាប់បានទទួលស្គាលដែរថាវ៉ាក់សាំង COVID-19 នាពេលបច្ចុប្បន្នមិនអាចការពារ ពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះយូរអង្វែងនោះទេ។ ហេតុផលមួយទៀត ដែលក្រុមអ្នកស្រាវជ្រាវយល់ថាការចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវតម្រូវជាចាំបាច់នោះគឺដើម្បី រារាំងកុំឱ្យវីរុសបម្លែងថ្មីកើតមានជាបន្តទៅទៀត។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហាគឺនៅត្រង់ថាតើការចាក់វ៉ាក់សាំងដូសទី៣នេះអាចនឹងធ្វើទៅរួចទេនៅតាមប្រទេសខ្លះ ដែលមានប្រជាជនមួយចំនួននៅតែខ្លាចរអា និងស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅឡើយ ជាពិសេសនៅតំបន់អឺរ៉ុបតែម្ដង។
មកទល់បច្ចុប្បន្ន អ៉ីស្រាអែលបានក្លាយជាប្រទេសដំបូងគេដែលបានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ជាផ្លូវការជូនប្រជាជនរបស់ខ្លួនមានអាយុចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ហើយអង់គ្លេសគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជន ៣២លាននាក់នៅដើមខែកញ្ញាខាងមុខនេះ ខណៈបណ្ដាប្រទេសជាច្រើនកំពុងពិចារណា ហើយខ្លះទៀតដូចជា បារាំង, ថៃ, បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនខ្លួនមួយចំនួនដែលងាយរគ្រោះជាងគេផងដែរ។
* តើគេអាចផ្គូរផ្គងវ៉ាក់សាំងពីរផ្សេងគ្នា ឬឆ្លាស់គ្នាសម្រាប់ការចាក់វ៉ាក់សាំងដូសទី ៣ ដែរឬទេ?
អង្គការសុខភាពពិភពលោក WHO ធ្លាប់បានព្រមានពីគ្រោះថ្នាក់ ហើយក៏មិនបានផ្ដល់អនុសាសន៍លើការផ្គូរផ្គងវ៉ាក់សាំងពីរផ្សេងគ្នា ឬឆ្លាស់គ្នាសម្រាប់ការចាក់វ៉ាក់សាំង ដូសទី៣ ឡើយ។ ជាទូទៅការចាក់វ៉ាសាំងបន្ថែម គឺគេប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ។ តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរសុខាភិបាលនៃបណ្ដាប្រទេសជាច្រើនដូចជា អាល្លឺម៉ង់, អេស្ប៉ាញ, អង់គ្លេស, បារ៉ែន, ប៊ូតាន, កាណាដា, អ៉ីតាលី, កូរ៉េខាងត្បូង, ថៃ និងអេមីរ៉ាតអារ៉ាប់រួមសុទ្ធតែបានដឹកនាំការធ្វើតេស្ដលើការចាក់វ៉ាក់សាំងឆ្លាស់គ្នា ហើយ ថែមទាំងអះអាងថាការចាក់វ៉ាក់សាំងបែបនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។
ការសិក្សានៅក្នុងប្រទេសអង់គ្លេស បានបង្ហាញថាអ្នកចាក់វ៉ាក់សាំង AstraZeneca ដូសទី១ ហើយវ៉ាក់សាំង Pfizer ដូសទី២ គឺអាចជួយបង្កើនប្រព័ន្ធភាពសុំារឹងមាំ និងខ្ពស់ជាងអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ២ដូស ឬ Pfizer ២ដូសទៅទៀត។ ការសិក្សាដដែលបានរកឃើញដែរថាអ្នកដែលទទួលបានការចាក់វ៉ាក់សាំង AstraZeneca ២ដូសរួចរាល់ អាចនឹងកាន់តែមានប្រព័ន្ធភាពសុំារឹងមាំ ប្រសិនបើជាពួកគេចាក់វ៉ាក់សាំង Pfizer សម្រាប់ដូសបន្ថែម ឬដូសទី៣។
លើសពីនេះទៅទៀត អាជ្ញាធរសុខាភិបាលថៃកាលពីពេលថ្មីៗនេះ ក៏បានចេញមុខការពារផងដែរចំពោះការចាក់វ៉ាក់សាំងឆ្លាស់គ្នារវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង ចិន Sinovac ដោយបញ្ជាក់ថាការចាក់វ៉ាក់សាំង Sinovac ដូសទី១ និង AstraZeneca ដូសទី២ អាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ហើយការចាក់វ៉ាក់សាំង Sinovac ទំាង ២ដូស រួចចាក់វ៉ាក់សាំង AstraZeneca បន្ថែមដូសទី៣ ក៏អាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹង COVID-19 ផងដែរ៕
ប្រភព ៖ Foreign Policy (ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១)