(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៤៥៥ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១០ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,២៦៤នាក់។
គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា មានអ្នកជំងឺចំនួន ៣៨៩នាក់ទៀតត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិតនៅថ្ងៃចន្ទនេះ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៦១,៧៦១នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៦,៩៦៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ១,៦៩៥នាក់៕