(ហ្សាការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយថានៅថ្ងៃចន្ទនេះចំណុចកំពូលនៃរលកទី២ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាចំណុចកណ្ដាលថ្មីនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះក្នុងតំបន់អាស៊ី បានដល់ទីបញ្ចប់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
លោក Budi Gunadi Sadikin ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធអនឡាញ និងចង់សំដៅទៅលើកោះជ្វាដែលមាន ប្រជាជនរស់នៅច្រើនជាងគេរបស់ឥណ្ឌូណេស៊ី។ លោក Budi បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានមើលឃើញហើយថាចំណុចកំពូលនៃរលកទី២ COVID-19 បានដល់ទីបញ្ចប់ ជាពិសេសនៅក្នុងតំបន់ជាច្រើននៃកោះជ្វា...ហើយភាពល្អប្រសើរក៏ចាប់ផ្ដើមត្រឡប់មកវិញបណ្ដើរៗផងដែរ»។
គួរបញ្ជាក់ថា ការឆ្លងរាតត្បាតនៃវីរុសបម្លែងថ្មី Delta បានធ្វើឱ្យឥណ្ឌូណេស៊ីមើលឃើញពីករណីឆ្លងប្រចាំថ្ងៃ ៥៦,៧៥៧ករណី កាលពីថ្ងៃទី១៥ ខែកក្កដា និងស្លាប់ ២,០៦៩នាក់កាលពីថ្ងៃទី២៧ ខែកក្កដា។ ចំនួនអ្នកឆ្លងប្រចាំថ្ងៃនេះបានថយចុះមកនៅត្រឹម ៣៣,៨០០នាក់កាលពីសប្ដាហ៍មុន តែអត្រាអ្នកតេស្ដ វិជ្ជមាននៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។ ឥណ្ឌូណេស៊ីមានអ្នកឆ្លង COVID-19 ច្រើនជាង ៣.៤លាននាក់ ក្នុងនោះស្លាប់ជាង ៩៥,០០០នាក់ ហើយលោក Budi អះអាងថាអ្នកស្លាប់ភាគច្រើន ជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង៕