(ម៉ានីល)៖ មន្រ្តីរដ្ឋាភិបាលហ្វីលីពីននៅថ្ងៃចន្ទនេះ បានឲ្យដឹងថា បម្រាមគោចរពេលយប់នៅតំបន់រដ្ឋធានីម៉ានីល (Metro Manila) នឹងត្រូវមានរយៈពេលយូរវែងជាងមុន ខណៈអាជ្ញាធរកំពុងព្យាយាមគ្រប់គ្រង ការរាតត្បាតនៃ COVID-19 បម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
លោក បេនចាមីន អាបាឡូស (Benjamin Abalos) ប្រធានអាជ្ញាធរអភិវឌ្ឍតំបន់ Metro Manila បានឲ្យដឹងថា បម្រាមគោចរដែលបច្ចុប្បន្នកំពុងអនុវត្តរយៈពេល០៦ម៉ោង ចាប់ពីម៉ោង១០យប់ទៅនោះ នឹងត្រូវបន្ថែមពីរម៉ោង គឺចាប់ពីម៉ោង០៨យប់វិញ។ លោក Abalos បានថ្លែងដូច្នេះថា «យើងសុំតែពីរសប្តាហ៍ប៉ុណ្ណោះ។ វានឹងជួយបញ្ឈប់វីរុសបានមួយរយៈ ខណៈអ្វីដែលសំខាន់គឺ កុំឲ្យមន្ទីរពេទ្យយើងពេញគ្មានកន្លែងព្យាបាល»។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសថា តំបន់ Metro Manila ដែលគ្របដណ្តប់លើទីក្រុងសរុបចំនួន១៦ និងមានប្រជាជនជាង១៣លាននាក់ កំពុងរស់នៅ នឹងត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) តឹងរ៉ឹង ចាប់ពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី២០ ខែសីហា។
គួរបញ្ជាក់ថា ករណីឆ្លង COVID-19 នៅហ្វីលីពីន បានកើនលើស៨,០០០នាក់ ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃសុក្រសប្តាហ៍មុន រហូតដល់ថ្ងៃចន្ទនេះ ខណៈតួលេខដែលត្រូវបានកត់ត្រា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ គឺ៨,៧៣៥នាក់ ជាតួលេខខ្ពស់បំផុត គិតចាប់តាំងតែពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ សន្ទុះកើនឡើងនៃករណីឆ្លងនេះ គឺត្រូវបានជំរុញដោយវីរុសបម្លែងថ្មី Delta ដែលកំពុងវាយលុកតំបន់នៅអាស៉ី៕