Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៊ីទទូចឲ្យមីយ៉ាន់ម៉ាអនុញ្ញាត ដល់ការតែងតាំងប្រេសិតពិសេសអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា (Video inside)

02-08-2021 16:15

(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រ៉េតណូ ម៉ាស៊ូទី (Retno Marsudi) នៅថ្ងៃចន្ទនេះបានទទូចឲ្យមីយ៉ាន់ម៉ា ផ្តល់ការអនុញ្ញាតចំពោះការតែងតាំង «ប្រេសិតពិសេសរបស់អាស៊ាន» ទៅកាន់ទីនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

រយៈពេល ០៦ខែ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាច ក្រុមរដ្ឋមន្រ្តីការបរទេសរបស់អាស៊ាន បានជួបគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាសម្រេចស្តីពីការតែងតាំងប្រេសិតពិសេស ដែលមានតួនាទីសម្របសម្រួល ការបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ព្រមទាំងលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី រវាងរបបយោធាមីយ៉ាន់ម៉ា និងគូបដិបក្ខ «តាមរយៈកិច្ចសន្ទនា»

យ៉ាងណាមិញ លោកស្រី Retno មិនបានបញ្ជាក់ថា តើនរណាដែលត្រូវបានជ្រើសរើស សម្រាប់តំណែងប្រេសិតពិសេសនេះនៅឡើយទេ។ ប៉ុន្តែបើតាមប្រភពការទូត ដែលបានបង្ហើបប្រាប់បណ្តាញព័ត៌មាន Reuters គឺប្រមុខការទូតព្រុយណេ លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) បានទទួលការគាំទ្រខ្លាំងឲ្យកាន់តួនាទីនេះ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ព្រុយណេនឹងប្រកាសជាផ្លូវការ អំពីការតែងតាំងប្រេសិតពិសេស។

គួរបញ្ជាក់ថា ការព្យាយាមតែងតាំងប្រសិតពិសេសខាងលើ គឺស្ថិតក្នុងការមូលមតិគ្នាសរុប ០៥ចំណុច ដែលសម្រេចបានកំលុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីខែមេសា ឆ្នាំ២០២១នេះ ស្ថិតក្នុងគោលបំណងជួយដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕