(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មិនទាន់មានការសម្រេចចិត្តជុំវិញសមយុទ្ធយោធារួម ជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែបានបញ្ជាក់ថា ពួកវាមិនគួរបង្កឲ្យមានភាពតានតឹងឡើយ បន្ទាប់ពីកូរ៉េខាងជើង ទើបតែបានព្រមានប្រឆាំងការធ្វើសមយុទ្ធរវាង សម្ពន្ធមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ថា ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន កំពុងពិភាក្សាគ្នាពាក់ព័ន្ធនឹងសមយុទ្ធ យោធា ប៉ុន្តែពុំទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង សម្ពន្ធមិត្តទាំងពីរនឹងធ្វើការ សម្រេចចិត្ត ក្រោយពិចារណាលើកត្តាមួយចំនួន ដោយរួមមានទាំងបញ្ហា COVID-19 និងបញ្ហានៃការគាំទ្រកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីកសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
ចំណែកក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បានលើកឡើងថា សមយុទ្ធយោធារួមរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនគួរក្លាយជាប្រភពនៃភាពតានតឹងផ្នែកយោធា ជាមួយកូរ៉េខាងជើងនោះឡើយ ទោះក្នុងករណីណាក៏ដោយ។
គួរបញ្ជាក់ថា ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន ជាប្រចាំតែងតែធ្វើសមយុទ្ធយោធារួមគ្នា ដោយជាចម្បងគឺនៅកំលុងរដូវផ្កាយរីក និងរដូវក្តៅ។ ខណៈសម្ពន្ធមិត្តទាំងពីរអះអាងថា ការធ្វើលំហាត់យោធាបែបនេះ ជាការពង្រឹងសមត្ថភាពការពារជាតិរួមគ្នា កូរ៉េខាងជើងតែងតែ ចេញមុខរិះគន់ ហើយចាត់ទុកវា ជាការហាត់សមសម្រាប់សង្រ្គាម សម្រាប់ឈ្លានពានលើខ្លួន។
កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកនាង គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងជាមន្រ្តីជាន់ខ្ពស់ ម្នាក់នៅក្នុងបក្សកាន់អំណាចរបស់ប្រទេសនេះ បានព្រមានទីក្រុងសេអ៊ូលថា ការធ្វើសមយុទ្ធយោធារួមរបស់កូរ៉េខាងត្បូងនិងអាមេរិក នឹងបំផ្លាញដល់កិច្ចប្រឹងប្រែងកសាងទំនាក់ទំនង៕