(គូឡាឡាំពួរ)៖ មេដឹកនាំគណបក្សប្រឆាំងនៅម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងសមាជិកសភាមួយក្រុម បានដើរជាក្បួនដង្ហែរមួយទៅកាន់វិមានសភាជាតិ ក្នុងទីក្រុងគូឡាឡាំពួរនៅថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
លោក Anwar Ibrahim និងសមាជិកសភាម៉ាឡេស៊ីមួយក្រុមខាងលើ បានប្រមូលផ្ដុំគ្នានៅឯទីលាន ដាតារ៉ាន មើឌែកា (Dataran Merdeka) ហើយបានដើរតម្រង់ទៅកាន់វិមានសភា ជាមួយការស្រែកទាមទារឱ្យលោក Muhyiddin Yassin ចុះចេញពីតំណែង។ ប៉ុន្តែពួកគេត្រូវបានប៉ូលិសរារាំង ហើយបានបញ្ចប់ការជួបជុំដោយសន្តិវិធី។
គួរបញ្ជាក់ថា ការបម្រូលផ្ដុំខាងលើធ្វើឡើងបន្ទាប់ពីលោក Muhyiddin Yassin បានសម្រេចចិត្តផ្អាកកិច្ចប្រជុំសភានៅថ្ងៃចន្ទនេះជាបណ្ដោះអាសន្ន ដោយអះអាងថា លោកបារម្ភពីការឆ្លងរាលដាល COVID-19 នៅក្នុងអគារសភា។ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្រុមបាតុករឈុតខ្មៅរាប់រយនាក់ ក៏បានប្រមូលផ្ដុំធ្វើបាតុកម្មទាមទារឱលោក Muhyiddin ចុះចេញពីតំណែងផងដែរ ខណៈលោកកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយវិបត្តិ COVID-19៕