(ឡុងដ៍)៖ ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា អ៉ីរ៉ង់ទំនងជាបានធ្វើសកម្មភាពវាយប្រហារលើ កប៉ាល់ដឹកផលិតផលប្រេងឥន្ធនៈមួយគ្រឿង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល នៅក្បែរប្រទេសអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលបានបណ្តាលឲ្យជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានថ្លែងថា ការវាយតម្លៃរបស់ចក្រភពអង់គ្លេស បានសន្និដ្ឋានថា មានលទ្ធភាពខ្ពស់ ដែលអ៉ីរ៉ង់បានប្រើប្រាស់យន្តហោះដ្រូនមួយឬច្រើនគ្រឿង ដើម្បីធ្វើសកម្មភាពវាយប្រហារនោះ។ លោក Raab បានបន្ថែមទៀតថា ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយដៃគូអន្តរជាតិ ស្តីពីចំណាត់ការឆ្លើយតបរួមគ្នា ចំពោះទង្វើមិនអាចទទួលយកបាននេះ។
ក្នុងថ្ងៃអាទិត្យដដែល ក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខបដិសេធថា អ៉ីរ៉ង់មិនមានជាប់ព័ន្ធក្នុងករណីនេះឡើយ ក្រោយរងការទម្លាក់កំហុសពីអ៉ីស្រាអែលផ្ទាល់។ ចំណែក កងទ័ពជើងទឹកអាមេរិក ដែលបានយកនាវាដឹកយន្តហោះចម្បាំង USS Ronald Reagan អមដំណើរកប៉ាល់ខាងលើ ក៏បានអះអាងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដែរថា តំរុយផ្សេងៗចង្អុលយ៉ាងច្បាស់ទៅកាន់ ការវាយប្រហារដោយដ្រូន។
គួរបញ្ជាក់ថា កប៉ាល់ដឹកប្រេងនោះ មានឈ្មោះថា Mercer Street ប្រើទង់ជាតិលីបេរីយ៉ា ជាកម្មសិទ្ធរបស់ជប៉ុន និងគ្រប់គ្រងដោយ ក្រុមហ៊ុនអ៉ីស្រាអែល Zodiac Maritime។ ក្រុមហ៊ុន Zodiac Maritime បានពណ៌នាហេតុការណ៍នោះថា សង្ស័យជាសកម្មភាពចោរសមុទ្រ ខណៈប្រភពពីមជ្ឈមណ្ឌលសន្តិសុខដែនសមុទ្ររបស់អូម៉ង់ បានអះអាងថា វាបានកើតឡើងនៅក្រៅព្រំដែនទឹករបស់ប្រទេសអូម៉ង់៕