(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២១,៧៦៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,៧៦៨,៩២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៩,៣៨០នាក់ និងជាសះស្បើយឡើងសរុប ២៩.៦៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
បើតាមការលើកឡើងដោយ អ្នកជំនាញជាន់ខ្ពស់ផ្នែកសុខាភិបាលនៅអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានទទួលស្គាល់ថា ស្ថានការណ៍ COVID-19 មានសភាពកាន់តែអាក្រក់ ខណៈវីរុសបម្លែងថ្មី Delta បានធ្វើឱ្យករណីឆ្លងផ្ទុះឡើងជាថ្មី ជាពិសេសនៅក្នុងចំណោមប្រជាជនអាមេរិក ដែលមិនទាន់ចាក់វ៉ាក់សាំងតែម្ដង។ អ្នកជំនាញផ្នែកជំងឺឆ្លងរូបនេះបានគូសបញ្ជាក់ថា អាមេរិកនៅមិនទាន់អាចកាត់ផ្ដាច់ការឆ្លង COVID-19 នៅឡើយទេ ប៉ុន្តែលោកជឿជាក់ថា អាមេរិកនឹងមិនត្រលប់ទៅស្ថានភាព ដូចកាលពីរដូវរងារកន្លងទៅនោះឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៩០.៩៨លាននាក់ (៥៨.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៤.៤៤លាននាក់ (៥០.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕