(អង់ការ៉ា)៖ ភ្លើងឆេះព្រៃអស់រយៈពេល ០៥ថ្ងៃមកនេះបានផ្ដាច់ជីវិតមនុស្សចំនួន ០៨នាក់ និងរាប់រយនាក់ទៀតត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនចេញពី ភាគខាងត្បូងប្រទេសតួកគី ខណៈភ្លើងឆេះព្រៃក៏កំពុងវាយប្រហារប៉ែកខាងត្បូងនៃទ្វីបអឺរ៉ុបដូចជាប្រទេសក្រិក អ៉ីតាលី និងអេស្ប៉ាញផងដែរ។ នេះបើយោង តាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
ទូរទស្សន៍ CNN ជាភាសាតួកគី បានរាយការណ៍ថា ប្រជាជនដែលរស់នៅទីក្រុងទេសចរណ៍ Bodrum ត្រូវបានគេជម្លៀសចេញ ដោយប្រជាជនចំនួន ៥៤០នាក់ ត្រូវបានគេនាំទៅកាន់សណ្ឋាគារដោយទូក ព្រោះពួកគេមិនអាចធ្វើដំណើរតាមផ្លូវគោកបានទេ ខណៈខ្យល់បក់ខ្លាំងបានបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះ ចេញពីស្រុក Milas ដែលស្ថិតនៅក្បែរនោះ។
ប្រជាជនដែលរស់នៅទីក្រុងរមណីយដ្ឋាន Antalya ក៏ត្រូវបានគេជម្លៀសចេញផងដែរ ហើយសាកសពចំនួន ០៨នាក់ទៀតបានរកឃើញនៅក្នុងទីក្រុងនោះ គិតត្រឹមថ្ងៃអាទិត្យ ខណៈសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៤០អង្សាសេ នៅក្នុងទីក្រុងនោះ នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា បើតាមតួលេខរបស់សហភាពអ៊ឺរ៉ុប ប្រទេសតួកគី កំពុងរងគ្រោះដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្ស មកនេះ ដោយមានផ្ទៃដីជិត ៩៥,០០០ហិកតាត្រូវបានដុតបំផ្លាញនៅឆ្នាំ២០២១នេះ៕