(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់ប្រទេសសាជាថ្មីឡើយ បើទោះជាចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃកំពុងស្ទុះងើបឡើងវិញ ដោយសារវីរុសបម្លែងថ្មី ដែលតា (Delta) ក៏ដោយ។ នេះបើតាមសម្តីអ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។
នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី This Week របស់ស្ថានីយទូរទស្សន៍ ABC លោក Anthony Fauci បានទទួលស្គាល់ថា ស្ថានការណ៍ COVID-19 មានសភាពកាន់តែអាក្រក់ ខណៈវីរុសបម្លែងថ្មី Delta បានធ្វើឱ្យករណីឆ្លងផ្ទុះឡើងជាថ្មី ជាពិសេសនៅក្នុងចំណោមប្រជាជនអាមេរិក ដែលមិនទាន់ចាក់វ៉ាក់សាំងតែម្ដង។ អ្នកជំនាញផ្នែកជំងឺឆ្លងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងនៅមិនទាន់អាចកាត់ផ្ដាច់ការឆ្លង COVID-19 នោះទេ ប៉ុន្តែខ្ញុំជឿថាយើងនឹងមិនត្រលប់ទៅស្ថានភាព ដូចកាលពីរដូវរងារកន្លងទៅនោះទេ»។
គួរបញ្ជាក់ថា បើតាមលោក Anthony Fauci ការចាក់វ៉ាក់សាំងជូនប្រជាជនអាមេរិកឱ្យបានគ្រប់គ្រាន់ អាចបញ្ចៀសកុំឱ្យសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងស្ថានការណ៍បិទខ្ទប់ប្រទេសសាជាថ្មី។ ប៉ុន្តែលោកក៏បានជំរុញឱ្យអ្នកមិនទាន់ចាក់វ៉ាក់សាំង រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ៕