(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅតាមទីក្រុងជាច្រើន បានចាប់ផ្ដើមបើកយុទ្ធនាការធ្វើតេស្ដទ្រង់ទ្រាយធំលើប្រជាជនរាប់លាននាក់ និងបានដាក់ចេញនូវការ រឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ឆ្លងរាលដាលករណីឆ្លង COVID-19 ថ្មីៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។
ក្នុងពេលបច្ចុប្បន្ន អាជ្ញាធរសុខាភិបាលចិនកំពុងដឹកនាំការធ្វើតេស្ដជាបីដំណាក់កាលលើប្រជាជនជាង ៩.២លាននាក់ក្នុងទីក្រុង Nanjing នៃខេត្ត Jiangsu ហើយ បានបង្គាប់ឱ្យប្រជាជនរាប់រយនាក់ស្ថិតនៅក្រោមវិធានការបិទខ្ទប់ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាល COVID-19 ថ្មីៗ បង្កឡើងដោយវីរុសបម្លែងថ្មី Delta ដែលត្រូវបានអាជ្ញាធរសុខាភិបាលចិនរាយការណ៍នៅឯអាកាសយានដ្ឋានទីក្រុង Nanjing កាលពីខែកក្កដាកន្លងទៅ។ បន្ថែមពីលើនេះ ក្រុមមន្ត្រីចិនកំពុងតាមដាន លើប្រជាជននៅទូទាំងប្រទេសដែលទើបតែធ្វើដំណើរមកពីទីក្រុង Nanjing ឬទីក្រុង Zhangjiajie នៃខេត្ត Hunan កាលពីពេលថ្មីៗនេះផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៧៥ករណី ក្នុងនោះមាន ៥៣ ជាករណីឆ្លងនៅ ក្នុងស្រុក មានជាប់ពាក់ព័ន្ធនឹងករណីឆ្លងជាចង្កោមនៅឯអាកាសយានដ្ឋានទីក្រុង Nanjing ដែលបានឆ្លងរាលដាលទៅដល់ទីក្រុងចំនួន ២០ និងខេត្តមួយចំនួន របស់ចិន៕