(តូក្យូ)៖ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បាននិយាយថាកងទ័ពរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធតាលីបង់ច្រើនជាង ១៣,៥០០នាក់ ក្នុងរយៈពេល៤ខែកន្លងមកនេះ ខណៈយោធាអាមេរិកទទួលស្គាល់ថាក្រុមតាលីបង់កំពុងវាយដណ្ដើមកាន់ទឹកដីកាន់ច្រើននៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។
សារព័ត៌មានជប៉ុន NHK ដោយផ្អែកលើប្រភពទទួលបានពីក្រសួងទទួលបន្ទុកសន្តិភាពរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្រុមសកម្ម ប្រយុទ្ធតាលីបង់ ១៣,៥៥៥នាក់ ត្រូវបានសម្លាប់ និង១១,០៥៤នាក់ បានរងរបួស នៅក្នុងការវាយប្រយុទ្ធគ្នា ចាប់តាំងពីខែមេសាមក។ ប៉ុន្តែក្រសួងមួយនេះមិនបានបញ្ជាក់ពី ចំនួនអ្នកស្លាប់ និងរងរបួសសម្រាប់ខាងភាគីរដ្ឋាភិបាលទីក្រុងកាប៊ុលនោះទេ ហើយក្រុមតាលីបង់បានអះអាងថាការលើកឡើងខាងលើគឺជារឿងមិនពិត និងគ្រាន់តែជា យុទ្ធសាស្ត្រឃោសនានយោបាយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានប្រកាសថាកងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញពីអាហ្វហ្កានីស្ថាននៅមុនដំណាច់ខែសីហានេះ ទោះបីជា មានការព្រមានពីក្រុមឧត្ដមសេនីយ៍អាមេរិកជាច្រើននាក់ថារដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងត្រូវដួលរលំ ក្នុងរយៈពេល៦ខែ ក្រោយកងទ័ពអាមេរិក និង NATO ត្រូវបានដក ចេញទាំងស្រុងក៏ដោយ៕