(រ៉ង់ហ្គូន)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង នៅថ្ងៃអាទិត្យនេះបានសន្យាជាថ្មីថានឹងរៀបចំការបោះឆ្នោតមួយតាមបែបប្រជាធិបតេយ្យ ហើយត្រៀមខ្លួន ជានិច្ច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបេសកជនពិសេសដែលតែងតាំងដោយអាស៊ាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។
លោក មីន អោង ហ្លេង ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍។ លោក មីន អោង ហ្លេង បានគូសបញ្ជាក់ដូច្នេះថា៖ «មីយ៉ាន់ម៉ាត្រៀមខ្លួន ជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្រោមក្របខណ្ឌអាស៊ាន ក្នុងនោះរួមមានទាំងកិច្ចសន្ទនាជាមួយបេសកជនពិសេសរបស់អាស៊ាន»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចិន និងអង្គការសហប្រជាជាតិ រួមទាំងប្រទេសជាច្រើនទៀត បានចាត់ទុកថាអាស៊ានគឺជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូតនានា ដើម្បីដោះស្រាយវិបត្តិ និងស្ដារស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។ ក្រៅពីវិបត្តិនយោបាយ និងអំពើហិង្សា មីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងប្រឈមមុខនឹង ការឆ្លងរាលដាល COVID-19 ដ៏ធ្ងន់ធ្ងរ ដែលក្រុមអ្នកជំនាញព្រមានថាអាចនឹងបង្កជាគ្រោះមហន្តរាយ៕