(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៨,០២៧ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,៦៥៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៧៤ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៣៣នាក់បន្ថែមទៀតដែរបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦១៥,៣១៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៩៩០នាក់ និងអ្នកជាសះស្បើយ ៤០៥,៣២២នាក់។ ជាការឆ្លើយតបចំពោះពាក្យរិះគន់ កាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាជនថៃ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានថ្លែងថា ប្រទេសដទៃៗទៀតលើពិភពលោក កំពុងប្រឈមការរាតត្បាតជំងឺនេះ អាក្រក់ជាងថៃទៅទៀត។
ទោះប្រឈមនឹងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ដែលពីរសប្តាហ៍មកនេះស្ថិតនៅលើស ១០,០០០នាក់ ក្នុងមួយថ្ងៃក៏ដោយ លោកនាយករដ្ឋមន្រ្តីថៃ នៅតែប្រកាន់ជំហរថា កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ក្នុងការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនមែនជាបញ្ហាឡើយ ហើយលោកបាននិយាយថា ប្រទេសជាច្រើនផ្សេងទៀត ក៏មិនអាចគ្រប់គ្រងការរាតត្បាតជំងឺនេះបានដូចគ្នា៕