(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥១,៨៩៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៤១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៥,៧៤៥,០២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៩,៣១៥នាក់ និងជាសះស្បើយឡើងសរុប ២៩.៦៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
បើតាមអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ហើយ គួរតែងាកទៅអនុវត្តវិធានពាក់ម៉ាស់ឡើងវិញ នៅតាមទីកន្លែងបិទជិតក្នុងតំបន់ណាដែលហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 ជាពិសេសគឺបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឱ្យអ្នកជំងឺឈឺធ្ងន់រហូតដល់បាត់បង់ជីវិត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៤៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៩.៩៤លាននាក់ (៥៧.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៣.៨៧លាននាក់ (៤៩.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕