(វ៉ាស៊ីនតោន)៖ ប្រមុខការទូតសហរដ្ឋអាមេរិក នឹងជួបពិភាក្សាការងារតាមរយៈវីដេអូ ជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននៅសប្ដាហ៍ក្រោយនេះ ខណៈរដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន កំពុងផ្ដោតសំខាន់លើគោលនយោបាយ និងយុទ្ធសាស្រ្តថ្មីៗលើតំបន់អាស៊ី ចំពោះមុខការកើនឡើងឥទ្ធិពលចិន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក បានឱ្យដឹងទៀតថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំតាមវីដេអូសម្រាប់រយៈពេល ៥ថ្ងៃជាប់ៗគ្នា ក្នុងនោះរួមមានទាំងជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំង ១០ និងបណ្ដាប្រទេសដទៃ ក៏ដូចជាកិច្ចប្រជុំអនុតំបន់មេគង្គក្រោមដូចជា មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, វៀតណាម និងថៃ។
គួរបញ្ជាក់ថា កិច្ចប្រជុំតាមវីដេអូខាងលើ កើតមានឡើងនៅចំពេលដែលសហរដ្ឋអាមេរិកកំពុងបង្ហាញថាតំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់អាទិភាពមួយនៃយុទ្ធសាស្ត្រ ផ្ដោតលើតំបន់អាស៊ី។ មួយរយៈពេលចុងក្រោយនេះ រដ្ឋបាលលោក បៃដិនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ឱ្យបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅសិង្ហបុរី, វៀតណាម និងហ្វីលពីនក្នុងសប្ដាហ៍នេះ ខណៈ អនុប្រធានាធិបតី លោកស្រី Kamala Harris ក៏គ្រោងនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរី និងវៀតណាមផងដែរ៕